បានខ្សែប្រយុទ្ធណាហ្គាម្នាក់ហើយ ឮថា គិរីវង់ បែររ៉ាដាយកអ្នកចាំទីបឹងកេតម្នាក់ទៀត
គិរីវង់សុខសែនជ័យបានផ្ទេរយកខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ ពីណាហ្គាវើលដ៍ ជាផ្លូវការហើយ។ នេះបើតាមការប្រកាសនៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។
អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះផ្ដើមបាល់ទាត់អាជីពរបស់ខ្លួននៅក្លិបត្រាយអាស៊ី ក្នុងឆ្នាំ២០១៤ ដែលបច្ចុប្បន្នជាអង្គរថាយហ្គឺរ។ គេបានចាកចេញពីក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបទៅណាហ្គាវើលដ៍ ក្នុងឆ្នាំ២០២១។
គេជាសមាជិកថ្មីក្នុងស្រុកម្នាក់ទៀតរបស់គិរីវង់បន្ទាប់ពី រដ្ឋ សំណាង ដែលផ្ទេរពីសូលទីឡូអង្គរ។
ទន្ទឹមនឹងការមកដល់របស់តាំង សុភ័ក្ត្រ ក៏មានលេចឮដំណឹងមកថា ក្រុមមានមូលដ្ឋាននៅខេត្តតាកែវមានគម្រោងខ្ចីអ្នកចាំទី ថា ច័ន្ទឫទ្ធី ពីបឹងកេត ថែមទៀត។
ឫទ្ធី ដែលជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី បានចូលរួមជាមួយបឹងកេត ក្នុងរដូវកាល២០២០ ជាជម្រើសទី២ បន្ទាប់ពី ហ៊ុល គឹមហ៊ុយ។ យ៉ាងណា មិនទាន់មានការប្រកាសផ្លូវការនៅឡើយទេ។
គួរដឹងដែរថា ក្នុងការត្រៀមរដូវកាលថ្មី២០២២នេះ គិរីវង់សុខសែនជ័យបានរុះរើក្រុមយ៉ាងគួរកត់សម្គាល់ ទាំងកីឡាករ និងគ្រូបង្គោល ខណៈក្រុមនេះទទួលបានសិទ្ធិប្រកួតលីគកំពូលរូបមន្តថ្មី ដែលមានតែ៨ក្រុមប៉ុណ្ណោះ៕