ក្លឹបមួយចំនួននៅ Premier League ប្រជែងគ្នាចុះកុងត្រាយកខ្សែបម្រើ Christian Eriksen
Brentford ត្រូវគេរាយការណ៍មកថា បានដាក់សំណើរចុះកុងត្រាជាមួយ Christian Eriksen ចំនួន៦ខែ ហើយមានលក្ខខ័ណ្ឌបន្តកិច្ចសន្យាបន្ថែមទៀត ខណៈមានក្លឹបមួយចំនួនទៀតនៅក្របខ័ណ្ឌ Premier League ក៏បានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះផងដែរ។
កីឡាករវ័យ២៩ឆ្នាំមិនបានពាក់ព័ន្ធជាមួយបាល់ទាត់ចំនួន៧ខែមកហើយ ក្រោយមានបញ្ហាដួលសន្លប់នៅលើទីលានក្នុងការប្រកួតពានរង្វាន់ UEFA Euro 2020 ដោយសារបញ្ហាបេះដូង។
យ៉ាងណាក្តី អតីតយុវជន AFC Ajax ខាងលើនេះកំពុងទំនេរមិនទាន់មានក្លឹបលេងនៅឡើយទេ ក្រោយពេលបញ្ចប់កុងត្រាជាមួយ Inter Milan ដោយសារតែច្បាប់បាល់ទាត់នៅអ៊ីតាលី។ ដោយឡែករូបគេកំពុងតែធ្វើការហ្វឹកហាត់រក្សាកាយសម្បទានៅប្រទេសស្វីសដើម្បីស្វែងរកឱកាសលេងនៅក្លឹបថ្មីផងដែរ។
គួរឱ្យដឹងថា ខ្សែបម្រើ Christian Eriksen បានបង្ហើបកាលពីពេលថ្មីៗនេះ ខ្លួនមានបំណងចង់លេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាកម្តងទៀតក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។