ប្អូនថ្លៃ ឆន សុវណ្ណារាជ ចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់
ខ្សែការពារភ្នំពេញក្រោន សួន នឿត បានព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់ហើយ នៅដើមឆ្នាំ២០២២ នេះ។
ភ្នំពេញក្រោនបានសរសេរ Farewell ដល់កីឡាករជាស្វាមីរបស់ប្អូនស្រីបង្កើតតារាចម្រៀង ឆន សុវណ្ណារាជ បែបនេះ “៖បន្ទាប់ពីបានរួមរស់ជាមួយក្លិបភ្នំពេញក្រោនអស់រយៈពេល ១១ឆ្នាំកន្លងមក កីឡាករ សួន នឿត បានសម្រេចចូលនិវត្តន៍ពីអាជីពក្រោមការសោកស្តាយរបស់មិត្តរួមក្រុម។រូបគេបានចាប់ផ្តើមជាមួយភ្នំពេញក្រោនតាំងពីកម្រិតថ្នាលយុវជនរហូតបានវិវត្តន៍ខ្លួនក្លាយជាកីឡាករអាជីពនៃក្រុមធំនាឆ្នាំ២០១៦។ យើងសូមអរគុណដល់កីឡាករ សួន នឿត ដែលបានខិតខំប្រឹងប្រែងកន្លងមកជាមួយក្លិប និងសូមជូនពរដល់រូបគេឲ្យទទួលបានជោគជ័យក្នុងជីវិត។”
កាលឆ្នាំ២០១៨ សួន នឿត បានផ្អាកពីបាល់ទាត់ពេញមួយរដូវកាល ដោយសារជាប់ធុរៈផ្ទាល់ខ្លួន។ លុះដល់២០២១ គេមានបញ្ហារបួស មិនអាចលេងឲ្យភ្នំពេញក្រោនបាន។
គួរដឹងដែរថា សួន នឿត ស្ថិតក្នុងចំណោមយុវជនដែលភ្នំពេញក្រោនជ្រើសរើសកាលឆ្នាំ២០១១ និងធ្លាប់លេងឲ្យក្រុមជម្រើសជាតិកម្ពុជា កម្រិត U13 រហូតដល់ U19 កាលឆ្នាំ២០១៦៕