ប្រាក់ ចាន់រតនា ព្យួរស្បែកជើងពីអាជីពបាល់ទាត់
ខ្សែបម្រើប្រយុទ្ធ ប្រាក់ ចាន់រតនា បានសម្រេចចិត្តចូលនិវត្តន៍ក្នុងនាមជាកីឡាករបាល់ទាត់ហើយ ដោយបានប្រកាសលើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ នេះ។
អតីតកីឡាករជម្រើសជាតិកម្ពុជាបានបានចាត់ទុកជាការសម្រេចចិត្តដ៏លំបាកមួយ។ មុនប្រកាសនេះ គិរីវង់សុខសែនជ័យដែលជាក្លិបចុងក្រោយរបស់គេក៏បានដាក់សំណើបន្តកិច្ចសន្យាដែរ តែគេបានសម្រេចចិត្តរួចទៅហើយ។
ប្រាក់ ចាន់រតនា សរសេរបែបនេះ “៖រយៈពេល១១ឆ្នាំសម្រាប់បាល់ទាត់អាជីព លាហើយភាពជាកីឡាករអាជីព លាទាំងអាល័យអគុណដល់ថ្នាក់នាំក្លិបគិរីវង់សសុខសែនជ័យដែលនៅតែចង់បន្តកុងត្រាឲ្យខ្ញុំតែខ្ញុំក៏សុំទោសដែលមិនបាននៅជួយ ។ អំពើល្អរបស់ថ្នាក់ដឹកនាំក្លិបខ្ញុំនឹងចងចាំជានិច្ច“
គួររំឭកថា ប្រាក់ ចាន់រតនា ផ្ដើមបាល់ទាត់អាជីពក្នុងឆ្នាំ២០១១ ដោយធ្លាប់លេងនៅណាហ្គាវើលដ៍ពីឆ្នាំ២០១២ដល់២០១៧ មុនផ្ទេរទៅសូលទីឡូអង្គរ រដូវកាល២០១៨។ សម្រាប់រដូវកាល២០២១ គេបានផ្លាស់ទៅគិរីវង់សុខសែនជ័យ។ កាលឆ្នាំ២០១២ គេត្រូវបានណាហ្គាវើលដ៍នាំយកទៅហ្វឹកហាត់ក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធនៅក្លិប BEC Tero Sasana ប្រទេសថៃផងដែរ៕