
AFF អាចនឹងពិចារណាដាក់ V.A.R នៅ AFF Cup 2022
សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍នឹងពិចារណាលើមតិយោបល់របស់លោក Park Hang-seo គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដែលលើកឡើងពីលទ្ធភាពនៃការបន្ថែមវីដេអូជំនួយអាជ្ញាកណ្ដាល ឬ V.A.R សម្រាប់ព្រឹត្តិការណ៍ AFF Cup 2022។
“ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នឹងពិចារណាលើការបន្ថែម V.A.R ក្នុងការប្រកួត”។ នេះបើតាមការបង្ហើបពីមន្ត្រីបាល់ទាត់មួយរូបដែលបានប្រាប់សារព័ត៌មានវៀតណាម Zing។ យ៉ាងណាពុំទាន់មានកិច្ចប្រជុំ ឬព័ត៌មានណាមួយឡើយជុំវិញរឿងនេះទេ។
ព្រឹត្តិការណ៍ AFF Cup 2020 ទើបចប់នៅថ្ងៃទី០១ ខែមករា។ ទាក់ទងទៅនឹងការដាក់ V.AR ក្នុងព្រឹត្តិការណ៍ចុងឆ្នាំ គណៈប្រតិបត្តិ AFF ត្រូវតែប្រជុំពិភាក្សា ខណៈថវិកាសម្រាប់ការប្រើប្រាស់ក៏មិនតិចដែរ។
បើតាមការស្រាវជ្រាវ តម្លៃប្រើ V.A.R មួយប្រកួតអស់ប្រហែល៥ម៉ឺនដុល្លារអាមេរិក។ បើទិញទាំងរបស់ និងជួលមនុស្សទៀតត្រូវអស់កាន់តែច្រើន អ៊ីចឹង AFF ត្រូវតែគណនាជាមុនសិន មុនសម្រេចចិត្តប្រើ។
“ការប្រើ V.A.R នៅ AFF Cup 2022 ត្រូវតែឆ្លងកាត់ដំណាក់កាលពិចារណាច្រើន អ៊ីចឹងវាមិនទាន់ច្បាស់ទេ។” នេះបើតាមប្រភពពីមន្ត្រី AFF មួយរូប។
ការប្រើប្រាស់ V.A.R នៅ AFF Cup បានក្លាយជាប្រធានបទមួយ បន្ទាប់ពីវៀតណាម ចាញ់ថៃ ០ទល់នឹង២ ក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup 2020។ លោក Park Hang-seo ចង់ឲ្យអ្នករៀបចំដាក់បច្ចេកវិទ្យានេះក្នុងព្រឹត្តិការណ៍ 2022។
សម្រាប់វៀតណាមវិញក៏ធ្លាប់ឆ្លងកាត់ការប្រើ V.A.R ដែរ ពេលពួកគេប្រកួតជម្រុះ FIFA World Cup 2022។ បើនិយាយពីលីគនៅអាស៊ីអាគ្នេយ៍វិញ មានតែ Thai League 1 មួយទេបានប្រើប្រាស់ V.A.R ក្នុងការប្រកួតខ្លះ៕