លម្អិតរឿងនាំឲ្យវិសាខាត្រូវប៉ះ Young Elephants ក្នុងវគ្គ Play-Off AFC Cup 2022
ក្លិបបាល់ទាត់ Nam Dinh និង Thanh Hoa របស់វៀតណាម បានដកខ្លួនពីការប្រកួត AFC Cup 2022 ហើយ ធ្វើឲ្យកៅអីចំនួន២ក្នុងវគ្គចែកពូលនៅទំនេរ។ ដូច្នេះ គណៈកម្មការរៀបចំបានសម្រេចរុញក្លិប Hantharwaddy របស់មីយ៉ាន់ម៉ា និង PSM Makassar របស់ឥណ្ឌូនេស៊ីទៅកាន់វគ្គចែកពូល។
តាមពិតទៅ Hantharwaddy ត្រូវប៉ះ Young Elephants របស់ឡាវ និង PSM Makssar របស់ឥណ្ឌូនេស៊ី ត្រូវប៉ះក្លិបកម្ពុជា វិសាខា ក្នុងវគ្គ Play-Off។ ប៉ុន្តែដោយសារតែការដកខ្លួនពី Nam Dinh និង Thanh Hoa ទើប Hantharwaddy និង PSM Makassar ត្រូវឡើងទៅវគ្គចែកពូលដោយស្វ័យប្រវត្តិ។ ការសម្រេចបែបនេះដោយសារតែចំណាត់ថ្នាក់ក្លិប ឬ AFC Club Ranking របស់មីយ៉ាន់ម៉ា និង ឥណ្ឌូនេស៊ី ខ្ពស់ជាងកម្ពុជា និងឡាវ។
គួរដឹងដែរថា វិសាខា មានកៅអីប្រកួតវគ្គ Play-Off ពានរង្វាន់ AFC Cup 2022 នេះ ក្នុងនាមជាជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២០២១ ខណៈ Young Elephants របស់ឡាវ ទទួលបានកៅអីតពី Masters 7 ដែលបានរំសាយក្លិបទៅហើយ។ វគ្គ play-off រវាងក្លិបទាំងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២២។
ដោយឡែក ក្លិបភ្នំពេញក្រោនដែលជាជើងឯកលីគកំពូលកម្ពុជា ២០២១ ទទួលបានកៅអី វគ្គចែកពូលដោយស្វ័យប្រវត្តិ៕