
អ្នកចាត់ការថៃជួលយន្ដហោះពិសេសដឹកសមាជិកទៅផ្ទះវិញក្រោយចប់ AFF Cup
អ្នកស្រី Nualphan Lamsam អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិថៃ បានជួលយន្ដហោះដោយឡែកមួយដើម្បីដឹកសមាជិកក្រុមរបស់ខ្លួនទៅកាន់មាតុភូមិកំណើតវិញក្រោយចប់យុទ្ធនាការ AFF Cup 2020 នៅសិង្ហបុរី។
“សមាជិកក្រុមកន្លងមកមិនបានស្ថិតក្នុងស្ថានភាពស្រណុកសុខស្រួលទេប៉ុន្មានខែចុងក្រោយ ទាំងការហូបចុក ជាដើម។ ពួកគេបានលះបង់ដើម្បីជម្រើសជាតិឈានទៅក្រសោបតំណែងជើងឯក។ ដូច្នេះយើងចង់ឲ្យពួកគេទទួលបានការតបស្នងប្រកបដោយផាសុកភាពពេលទៅដល់ទឹកដីកំណើតជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។” នេះជាការថ្លែងរបស់អ្នកស្រី Nualphan Lamsam។
អ្នកស្រីបន្ថែមទៀតថា ការជួលយន្ដហោះពិសេសដោយឡែកនេះ ម្យ៉ាងក៏ដោយសារតែសម្ភារៈជម្រើសជាតិមានច្រើន និងចង់បង្ការការរាលដាលជំងឺផង ដូច្នេះសមាជិកទាំងអស់អាចត្រលប់ទៅក្លិបវិញដោយស្រួលចិត្ត។
ក្នុងជើងទី១ នៃវគ្គផ្ដាច់ព្រ័ត្រ AFF Cup 2020 ក្រុមជម្រើសជាតិថៃបានយកឈ្នះឥណ្ឌូនេស៊ី ៤ទល់នឹង០ និងរង់ចាំជើងទី២ក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ៕