កម្ពុជាទទួលបានលទ្ធផលយ៉ាងណាខ្លះក្នុងពានរង្វាន់ AFF U23?
ការប្រកួតដណ្ដើមជើងឯកយុវជនអាយុក្រោម២៣ឆ្នាំប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ទី៣ហើយចាប់តាំងពីពានរង្វាន់យុវជនមួយនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៥។
ឆ្នាំដំបូងនាពេលនោះត្រូវបានដំណើរការឡើងក្នុងប្រទេសថៃ មាន៨ក្រុមចូលរួម ដោយមិនមានវត្តមានវៀតណាម និងព្រុយណេ។ កាលណោះកម្ពុជាស្ថិតក្នុងពូល B ដោយប៉ះម្ចាស់ផ្ទះថៃ, សិង្ហបុរី និងឡាវ ហើយគោព្រៃខៀវបរាជ័យទាំង៣ប្រកួត បញ្ចប់នៅបាតតារាង។ ចុងបញ្ចប់ថៃជាអ្នកលើកពានដោយឈ្នះសិង្ហបុរី ៣ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ដល់ឆ្នាំ២០១៩ កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះវិញម្ដង ដោយប៉ះម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ក្នុងពូល B។ ជាលទ្ធផលកម្ពុជា ឈ្នះ២ប្រកួត តែចាញ់ឥណ្ឌូនេស៊ី មាន៦ពិន្ទុស្ថិតនៅលេខ១។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជាចាញ់ថៃ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ និងចាញ់វៀតណាម ប្រកួតយកលេខ៣។ ចុងបញ្ចប់ឥណ្ឌូនេស៊ី គឺជាជើងឯក។
ក្នុងឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងធ្វ់ើម្ចាស់ផ្ទះជាថ្មី ដោយយកទឹកដីនៅពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីនស៍របស់វិសាខា ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី២៦ ខែដដែល។
កម្ពុជាស្ថិតនៅពូល A មានទីម័រខាងកើត, ហ្វីលីពីន និងព្រុយណេ។ ការប្រកួតបែងចែកជា៣ពូល។ ក្រុមលេខ១តាមពូលនីមួយៗ បូកទាំងលេខ២ល្អនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕