វៀតណាមជាក្រុមចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup ច្រើនជាងគេ
ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ AFF Cup ច្រើនជាងគេ ខណៈវៀតណាមជាក្រុមបរាជ័យនៅវគ្គ៤ក្រុមចុងក្រោយច្រើនជាងគេ។
ដូចដឹងហើយថា ក្រុមទាំង២បានបញ្ចប់ដោយលទ្ធផល០ទល់នឹង០ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ។ មានន័យថា ក្រុមដំរីសឹកបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយកាលជើងទី១ បានឈ្នះវៀតណាម ០ទល់នឹង២។
នេះជាលើកទី៩ហើយដែលក្រុមថៃឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ ចំណែកវៀតណាមវិញបានចាញ់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដល់ទៅ៨ដង គឺឆ្នាំ១៩៩៦, ២០០០, ២០០២, ២០០៧, ២០១០, ២០១៤, ២០១៦ និងចុងក្រោយ២០២០នេះ។ ទន្ទឹមនឹងការចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៨ដងនេះ មាន៧ដងហើយដែលក្រុមជម្រើសជាតិវៀតណាមទទួលបានចំណាត់ថ្នាក់លេខ៣។ ម្ដងដែលបានលេខ៤នោះ គឺកាលឆ្នាំ២០០០ ដោយចាញ់ម៉ាឡេស៊ី ០ទល់នឹង៣។
បើគិតតែឈ្មោះ AFF Cup ដែលចាប់ផ្ដើមពីឆ្នាំ២០០៧ (មុន២០០៧ហៅថា Tiger Cup) ជម្រើសជាតិវៀតណាមទទួលបានលេខ៣ចំនួន៥ដង។ ទោះឆ្នាំនេះមិនមានការប្រកួតយកលេខ៣ ប៉ុន្តែវៀតណាមនៅតែបានលេខ៣ ដោយគេគិតពីលទ្ធផលទាំងវគ្គចែកពូលមក។
គួរបញ្ជាក់ថា ថៃនឹងត្រូវប៉ះឥណ្ឌូនេស៊ីក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៩ ខែធ្នូ សម្រាប់ជើងទី១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្រាប់ជើងទី២៕