នាយកប្រតិបត្តិកីឡា PSG និយាយថា អ្នកណាដែលយក Messi ទៅប្រៀបធៀប សុទ្ធតែមិនចេះមើលបាល់ទាំងអស់
នាយកប្រតិបត្តិកីឡា Paris Saint Germian លោក Leonardo បានចេញមុខមកបកស្រាយភ្លាមៗ ក្រោយពេលសារព័ត៌មាន និងមតិជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធ Lionel Messi នឹងមិនអាចបង្ហាញសក្តានុពលរបស់ខ្លួនឱ្យដល់កំពូលទៀតបានឡើយនៅទឹកដីបារាំង ក្រោយសម្រេចការផ្លាស់ពី FC Barcelona មក។
ចាប់តាំងពីផ្លាស់ចេញពីទឹកដីកាតាឡាន់មកដល់ទីក្រុងប៉ារីស ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនទើបតែរកបាន១គ្រាប់តែប៉ុណ្ណោះឱ្យក្រុមសេដ្ឋីបារាំងក្នុងក្របខ័ណ្ឌ Ligue1 ខណៈរូបគេរកបាន៥គ្រាប់នៅក្នុងពានរង្វាន់ UEFA Champions League ដែលជាហេតុធ្វើឱ្យមានការវែកញែកជាច្រើនថា ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យរូបនេះអាចលេងបានល្អនៅតែ FC Barcelona តែប៉ុណ្ណោះ។
ក្រោយលឺការបញ្ចេញមតិមិនល្អអំពីតួឯករបស់ក្លឹប លោក Leonardo ដែលជានាយកប្រតិបត្តិកីឡារបស់ Paris Saint Germian បាននិយាយតបវិញថា៖ “សម្រាប់ខ្ញុំបើនិយាយអំពីសមត្ថភាព និងសមិទ្ធផលរបស់ Lionel Messi គឺគ្មាននរណាអាចប្រកែកបានឡើយថាគេគឺជាកីឡាករល្អបំផុតលើលោក។ អ្នកដែលយក Messi ទៅបកស្រាយ ឬក៏ប្រៀបធៀបជាមួយនឹងអ្នកផ្សេងគឺសុទ្ធសឹងតែជាអ្នកមិនចេះមើលបាល់ទាំងអស់។”
គួរឱ្យដឹងថា ចាប់តាំងពីផ្លាស់មកចូលរួមជាមួយ PSG មក ខ្សែប្រយុទ្ធ Lionel Messi រកគ្រាប់បាល់បានសរុបចំនួន៦គ្រាប់ ពីការបង្ហាញខ្លួនចំនួន១៥លើកគ្រប់កម្មវិធីទាំងអស់។