គ្រូកម្ពុជាទទួលស្គាល់កូនក្រុមក្មេងៗមានអារម្មណ៍ច្រាសច្រាល
ក្នុងការប្រកួតទី២នៃវគ្គចែកពូល ពានរង្វាន់ AFF Suzuki Cup 2020 និងតទល់ឥណ្ឌូនេស៊ី កីឡាករក្មេងៗនៃក្រុមជម្រើសជាតិកម្ពុជាជាច្រើនត្រូវបានដាក់ចូលជម្រើស១១នាក់ដំបូង។
វគ្គទី១ ក្រុមគោព្រៃខៀវ បានរបូត៣គ្រាប់ និងរកបាន១គ្រាប់ពីការតែតដោយ យ៉ើ សាហ្វុី។ ចូលវគ្គទី២ កីឡាករសម្បូរពិសោធមួយចំនួនដូចជា ប្រាក់ មុន្នីឧត្ដម, សុះ ស៊ូហាណា និងច្រឹង ពលរដ្ឋ ជាដើម ត្រូវបានប្ដូរចូល និងរកបានមួយគ្រាប់ពីហ្វ្រីឃីករបស់ឧត្តម ក្រោយឥណ្ឌូនេស៊ី បង្កើនមួយគ្រាប់ទៀត។
ក្រោយចប់ការប្រកួតដែលកម្ពុជាចាញ់ ៤ទល់នឹង២ លោក Ryu Hirose គ្រូបង្គោលក្រុមគោព្រៃខៀវ ទទួលស្គាល់ថា កូនក្រុមក្មេងៗរបស់លោកលេងដោយអារម្មណ៍ច្រាសច្រាល តែក្នុងវគ្គទី២ ពេលកីឡាករមានពិសោធដូរចូល ឃើញថា គុណផលក្រុមក៏ប្រសើរឡើងវិញ។
“ថ្ងៃនេះយើងចង់ឲ្យកីឡាករក្មេងៗមានឱកាសលេង ហើយខ្ញុំគិតថា ពួកគេនៅមានអារម្មណ៍ច្រាសច្រាលខ្លះ ប៉ុន្តែនៅពេលកីឡាករមានបទពិសោធចូលលេង ក៏រាងប្រសើរវិញ។ នេះជាក្រុមដែលយើងចង់អភិវឌ្ឍសម្រាប់ពេលខាងមុខ អ៊ីចឹងទាំងផ្នែកកាយសម្បទា និងចិត្តគំនិត ឃើញថា ពួកគេបានបង្ហាញនៅថ្ងៃនេះហើយ។” នេះជាការបញ្ជាក់របស់លោក Hirose។
គ្រូបង្វឹកជនជាតិជប៉ុននៅតែពេញចិត្តចំពោះការគ្រប់គ្រងបាល់យ៉ាងល្អពីកូនក្រុម ទោះបន្តចាញ់ក៏ដោយ។
កម្ពុជាបានចាញ់២ប្រកួតហើយក្នុងពូល B ហើយនៅថ្ងៃទី១៥ ខែធ្នូ ត្រូវតទល់ឡាវវិញម្ដង៕