Liverpool និង Ajax បញ្ចប់វគ្គចែកពូល UCL ជាមួយកំណត់ត្រា១០០ភាគរយ
Liverpool បានក្លាយជាក្រុមអង់គ្លេសទី១ដែលឈ្នះទាំង៦ប្រកួតនៅ UEFA Champions League វគ្គចែកពូល ក្រោយផ្ដាច់ដង្ហើម AC Milan ដោយលទ្ធផល១ទល់នឹង២ នៅអ៊ីតាលី។
ក្រុមលោក Jurgen Klopp ផ្លាស់ប្ដូរកីឡាករ៨នាក់ ខណៈក្រុមលោកធានាកៅអីកំពូលតារាងរួចរាល់តាំងពីមុនប្រកួតចុងក្រោយនេះម្ល៉េះ ខណៈ AC Milan ត្រូវការលទ្ធផលល្អយ៉ាងចាំបាច់ដើម្បីក្ដោបឱកាសឡើងទៅដែរ។ ផ្ទុយទៅវិញក្រុមអ៊ីតាលីមួយនេះបានត្រឹមចាញ់ ហើយនៅបាតតារាងពូល B ថែមទៀត។
ក្នុងការប្រកួតនេះ Fikayo Tomori ទាត់បញ្ចូលទីឲ្យ AC Milan នាំមុខ១ទល់នឹង០មុន ក្នុងនាទី២៨។ តែ៨នាទីក្រោយមក Mohamed Salah ទាត់បន្ថែមបញ្ចូលទី ក្រោយអ្នកចាំទី Mike Maignan ទះបាល់ដែលស៊ុតដោយ Alex Oxlade-Chamberlain។ នេះជាគ្រាប់៧របស់ Salah ក្នុង UCL រដូវកាលនេះ។
Liverpool បន្តគ្រប់គ្រងបាល់ ហើយបន្ថែមមួយគ្រាប់ទៀតពី Divock Origi ក្នុងនាទី៥៥។ នេះជាគ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធបែលហ្ស៊ិក ចាប់តាំងពីវគ្គផ្ដាច់ព្រ័ត្រ UCL ២០១៩។
ដូច្នេះ Liverpool មាន១៨ពិន្ទុពេញ, Atletico Madrid ដែលឈ្នះ FC Porto ១ទល់នឹង៣ ឈរលេខ២ យកបានកៅអីទៅវគ្គ១៦ក្រុមជាបន្ត។ FC Porto ដែលបានលេខ៣ពូល B ត្រូវបន្តទៅ UEFA Europa League។
ជាមួយគ្នានេះ Ajax Amsterdam ក៏មាន១៨ពិន្ទុពេញនៅពូល C បន្ទាប់ពីឈ្នះ Sporting Lisbon ៤ទល់នឹង២ ថ្ងៃចុងក្រោយ។ សរុបលទ្ធផល Ajax ឈរលេខ១, Sporting Lisbon លេខ២, Borussia Dortmund លេខ៣ និង Besiktas នៅបាតតារាង ដោយចាញ់ទាំង៦ប្រកួត៕