មានឱកាស៦៤ដង ក្រុមនារីអង់គ្លេសរកបាន២០គ្រាប់ពីឡេតូនី
ក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេសបានបំបាក់ក្រុមនារីជម្រើសជាតិឡេតូនី ដោយលទ្ធផល២០ទល់នឹង០ ក្នុងការប្រកួតជម្រុះ Women FIFA World Cup 2023 នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា។
កីឡាការិនី Ellen White រកបាន៣គ្រាប់ដែលធ្វើឲ្យនាងក្លាយទៅជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងក្រុមជម្រើសជាតិអង់គ្លេស ដោយមាន៤៨គ្រាប់ពីការចូលលេង១០១ប្រកួត វ៉ាផុតម្ចាស់កំណត់ត្រាចាស់ នាង Kelly Smith ដែលមាន៤៦គ្រាប់។
ទន្ទឹមនឹងនេះក្នុងការប្រកួតដដែល កីឡាការិនី Bethany Jane Mead របស់ Arsenal រកបាន៣គ្រាប់ដូចគ្នា ខណៈកីឡាការិនី Lauren May Hemp រកបាន៤គ្រាប់។ សរុបមកអ្នករកគ្រាប់បាល់មាន១០នាក់។
កាលឆ្នាំ២០០៥ អង់គ្លេសធ្លាប់រកបាន១៣គ្រាប់ក្នុងសំណាញ់ហុងគ្រី។
ឆ្លងកាត់ការប្រកួត៦ដងក្នុងវគ្គជម្រុះតាមពូល ក្រុមនារីអង់គ្លេសមាន១៨ពិន្ទុពេញ ឈរលេខ១ពូល D រកបាន៥៣គ្រាប់ និងមិនទាន់របូតគ្រាប់បាល់នៅឡើយ៕