CR7 វាយបកម្ចាស់រៀបចំ Ballon d’Or រឿងថា ខ្លួនចង់ឈ្នះច្រើនជាង Messi
Cristiano Ronaldo បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះសម្ដីលោក Pascal Ferre នាយករៀបចំកម្មវិធី Ballon d’Or ដែលចោទប្រកាន់ខ្លួនថា មានបំណងចង់ឈ្នះពានរង្វាន់នេះច្រើនជាង Lionel Messi។
“និពន្ធនាយក Frace Football និយាយបំភ្លៃ និងយកឈ្មោះខ្ញុំទៅពាក់ព័ន្ធលើគាត់ និងការងារគាត់។ ទង្វើអ៊ីចឹងមិនអាចទទួលយកបានទេសម្រាប់បុគ្គលដែលទទួលខុសត្រូវលើកម្មវិធីធំបែបនេះ។” នេះជាសាររបស់ Ronaldo លើទំព័រផ្លូវការខ្លួន។
“Ferre បានប្រព្រឹត្តដោយមិនគោរពចំពោះអ្នកដែលឲ្យតម្លៃចំពោះពានរង្វាន់របស់ France Football ដូចខ្ញុំដែរ។ ថ្ងៃនេះគាត់បានកុហកពីខ្ញុំចំពោះអវត្តមាននៅប៉ារីស។ វាធ្វើឲ្យយល់ច្រលំ។ ទៅមិនទៅរឿងខ្ញុំតើ។ ខ្ញុំគ្រាន់តែចង់ផ្តោតលើការប្រកួតបន្ទាប់របស់ Manchester United ។”
កាលពីប៉ុន្មានថ្ងៃមុន Pascal Ferre បានបង្ហើបប្រាប់សារព័ត៌មានថា មហិច្ឆតាធំបំផុតរបស់ Ronaldo គឺចង់ឈ្នះ Ballon d’Or ច្រើនជាង Lionel Messi ។ បច្ចុប្បន្ននេះ CR7 មានបាល់មាសចំនួន៥ដែលតិចជាងគូប្រជែងជនជាតិអាហ្សង់ទីនចំនួន២។
“៖ខ្ញុំមិនចង់ឈ្នះនរណាម្នាក់ទេ។ មហិច្ឆតាធំបំផុតរបស់ខ្ញុំគឺចង់ឈ្នះពានរង្វាន់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លិប។ ខ្ញុំគ្រាន់តែចង់ឲ្យឈ្មោះរបស់ខ្ញុំទុកក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក”។ Ronaldo បន្ថែម។
លើសពីនេះ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះបាននិយាយថា គេតែងតែអបអរសាទរអ្នកឈ្នះពានរង្វាន់បាល់មាស។ តាំងពីចាប់ផ្តើមអាជីពជាកីឡាករមក CR7 មានបំណងស្វែងរកយុត្តិធម៌ ហើយមិនចង់ប្រឈមមុខនឹងអ្នកណាម្នាក់ឡើយ៕