Mourinho ទិញកាដូពិសេសមួយឲ្យកូនក្រុម Roma ម្នាក់ក្រោយទាត់ចូល២គ្រាប់
ដូចតាមការសន្យា លោក Jose Mourinho គ្រូបង្គោល AS Roma បានទិញស្បែកជើងមួយគូតម្លៃ៨០០អឺរ៉ូដល់ខ្សែប្រយុទ្ធវ័យក្មេង Felix Afena-Gyan។
គ្រូបង្វឹកជនជាតិព័រទុយហ្គាល់បានសន្យាថា ប្រសិនបើកីឡាករហ្គាណារូបនេះអាចស៊ុតបញ្ចូលទីក្នុងសំណាញ់ Genoa ក្នុងការប្រកួត Serie A ចុងសប្ដាហ៍កន្លងទៅ នោះលោកនឹងផ្ដល់កាដូស្បែកជើងដ៏ស្រស់ស្អាតមួយគូដល់គេ។ ទីបំផុតលោកក៏បានបំពេញសន្យានេះ។
ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំបានទាត់បញ្ចូលទីគ្រាប់ទី១ក្នុងនាទី៨២ និងគ្រាប់ទី២នាទី៩០+៤។
លោក Mourinho បានសរសើរដល់ Gyan ដែលធ្វើឲ្យលោកភ្ញាក់ផ្អើលចំពោះការលេងរបស់គេ។ ពេលនៅមុខទី គេមានចិត្តត្រជាក់។ គេមិនមានបច្ចេកទេសល្អទេ តែជំនួសវិញ ចិត្តគេនឹងធឹង។
ជ័យជម្នះលើ Genoa ធ្វើឲ្យ Roma ឡើងទៅលេខ៥ ក្រោមក្រុមលេខ៤ មួយពិន្ទុ។
តាមពិតទៅនេះមិនមែនជាលើកទី១ទេដែលលោក Mourinho លើកទឹកចិត្តកូនក្រុមបែបនេះ។ លោកតែងតែលើកទឹកចិត្តដល់កូនក្រុមណាដែលលេងបានល្អ និងប្រឹងប្រែង ហើយអ្នកមិនអាចបំពេញបាន នឹងត្រូវដកពីបញ្ជី។ ជាក់ស្ដែង លោកបានដកកីឡាករមួយចំនួនទៅហើយ ក្រោយចាញ់ Bodo ១ទល់នឹង៦ ក្នុងការប្រកួត Conference League៕