Norwich បញ្ចប់តំណែងអ្នកចាត់ការខ្លួន ក្រោយរកបាន៣ពិន្ទុពេញលើកដំបូង
Norwich City បានបញ្ចប់តំណែងអ្នកចាត់ការ Daniel Farke តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមនេះទទួលបានជ័យជម្នះលើកដំបូងក្នុងក្របខណ្ឌ Premier League 2021/2022។
ក្រុមចាបលឿងបានយកឈ្នះម្ចាស់ផ្ទះ Brenford ១ទល់នឹង២ តែនៅបន្តត្រាំត្រែងបាតតារាងដដែល ដោយមានត្រឹម៥ពិន្ទុពីការប្រកួត១១លើក។
លោក Farke បានចូលកាន់តំណែងអ្នកចាត់ការ Norwich ឆ្នាំ២០១៧ និងនាំក្រុមនេះឡើងទៅ Premier League ហើយក៏ធ្លាក់ទៅវិញ និងឡើងមកវិញជាថ្មីក្នុងនាមជើងឯក Championship។
នាយកផ្នែកកីឡាលោក Stuart Webber ថ្លែងថា វាដល់ពេលត្រូវផ្លាស់ប្ដូរហើយ។
ក្នុងកិច្ចសម្ភាសក្រោយចប់ប្រកួត លោក Farke មិនបានបង្ហើបពីតំរុយនៃការបាត់បង់ការងារទេ។
ឆ្លងកាត់ការប្រកួត២០៨លើកក្រោមការកាន់តំណែងពីលោក Farke ក្រុមនេះទទួលបានជ័យជម្នះ៨៧ដង។
Norwich City ទំនងប្រកាសអ្នកចាត់ការថ្មីចុងខែវិច្ឆិកានេះ ព្រោះមិនទាន់មានការប្រកួតភ្លាមទេ ដោយសារត្រូវសម្រាកទុកពេលសម្រាប់ជម្រើសជាតិ៕