Barca នឹងបង្ហាញ Xavi នៅថ្ងៃ០៨ វិច្ឆិកា តែឮថា គ្រូថ្មីនេះភ្ជាប់លក្ខខណ្ឌ៣យ៉ាង
ក្លិបបាល់ទាត់ Barcelona នឹងធ្វើពិធីបង្ហាញខ្លួនលោក Xavi Hernandez ក្នុងនាមជាគ្រូបង្គោលថ្មីរបស់ខ្លួននៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា សប្ដាហ៍ក្រោយ លើកិច្ចសន្យាដល់ចប់រដូវកាល២០២២/២០២៣។
បើតាមប្រភពពីសារព័ត៌មាន the Athletic ក្រុមអ្នកមានបុណ្យបានបង់ប្រាក់៥លានអឺរ៉ូ។
ដោយឡែក ប្រភពពីសារព័ត៌មាន Onze លោក Xavi Hernandez បានដាក់សំណើធំៗ៣ទៅកាន់ថ្នាក់ដឹកនាំ FC Barcelona។ សំណើទី១ គឺនាំយកក្រុមការងារ៧នាក់ពី Al-Sadd ដែលសុទ្ធសឹងតែជាសហការីយ៉ាងយល់ចិត្ត។ ក្នុងចំណោមនោះ មាន២នាក់ជាគ្រូជំនួយ គឺលោក Oscar Hernandez និងលោក Sergio Alegre។ គ្រូ fitness លោក Ivan Torres។ ក្រុមការងារតាមដានសមត្ថភាពកីឡាករមាន៣នាក់ គឺលោក David Prats, Toni Lobo និង Sergio Garcia។ អ្នកផ្សេងទៀត គឺគ្រូកាយសម្បទា។
សំណើទី២ គឺ Barcelona ត្រូវផ្លាស់ប្ដូរប្រព័ន្ធសុខាភិបាល។ Xavi ព្រួយបារម្ភរឿងកីឡាកររបួសច្រើននាពេលបច្ចុប្បន្នេះ។ Xavi ចង់នាំយកលោកវេជ្ជបណ្ឌិត Ricard Pruna ទៅ Camp Nou វិញ។ លោក Pruna ធ្លាប់ធ្វើការនៅ Barcelona កាលពីមុន ហើយបច្ចុប្បន្នធ្វើការនៅឌូបៃ។
សំណើចុងក្រោយ គឺ Xavi ចង់យកបម្រើស្លាបម្នាក់ទៀតក្នុងខែមករា ខាងមុខ ខណៈ Barcelona មានថវិកាតែ២០លានអឺរ៉ូទេ៕