ក្រោយស៊ុតតាមស្មើឲ្យ Man UTD សូម្បីតែគ្រូ Atlanta ក៏អបអរ Ronaldo ដែរ
Cristiano Ronaldo បានក្លាយជាវីរបុរសក្នុងការប្រកួតសាជាថ្មីសម្រាប់ Manchester United ដោយបានទាត់បញ្ចូលទីតាមស្មើ Atlanta ដល់ទៅ២ដង ក្នុងការប្រកួត UEFA Champions League ដែលស្មើគ្នា ២ទល់នឹង២ នៅអ៊ីតាលី។
Josip Ilicic បានទាត់បញ្ចូលទីនាទី១២ ហើយដល់នាទី៤៥+១ Cristiano Ronaldo បានទាត់បញ្ចូលទីតាមស្មើឲ្យ Man UTD។ ដល់វគ្គទី២ Duvan Zapata ជួយឲ្យ Atlanta នាំំមុខសាជាថ្មីក្នុងនាទី៥៦ តែ CR7 តាមស្មើម្ដងទៀត ពីការទាត់បញ្ចូលទីក្នុងនាទី៩០+១។ នេះជាលើកទី៣ជាប់ៗគ្នាហើយដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រកបានគ្រាប់បាល់ចុងម៉ោងឲ្យ Man UTD នៅ UCL។ គេធ្វើបានពេលឈ្នះ Villarreal, ឈ្នះ Atlanta កាលជើងទី១។
ចប់ការប្រកួត លោក Gian Piero Gasperini គ្រូបង្គោល Atlanta ក៏បានដើរទៅរាក់ទាក់ និងអបអរដល់ Cristiano Ronaldo ដែរ។ លោកបានថ្លែងក្នុងកិច្ចសម្ភាសថា CR7 ធ្វើបានល្អប៉ុណ្ណឹងហើយ នៅឡើយមានអ្នករិះគន់ថា កីឡាកររូបនេះនាំស៊យដល់បិសាចក្រហមទៀត។
គ្រាប់បាល់បញ្ចូលទី២គ្រាប់នេះ មានន័យថា Cristiano Ronaldo ក្លាយជាកីឡាករម្នាក់ទៀតដែលរកបានចាប់ពី២០គ្រាប់ឡើងសម្រាប់ Man UTD (គិតទាំងពេលលេងលើកទី១ ពីឆ្នាំ២០០៣ដល់២០០៩)។ កីឡាករផ្សេងទៀតមាន Wayne Rooney, Ryan Giggs, Paul Scholes និង Van Nistelrooy។ គេក៏រកបានគ្រាប់បាល់បញ្ចូលទី៤ប្រកួតដំបូងជាប់ៗគ្នាដែរក្នុងវគ្គចែកពូល UCL សម្រាប់ Man UTD បន្ទាប់ពី Ruud Van Nistelrooy ធ្វើបានក្នុងខែមេសា ឆ្នាំ២០០៣។
ទន្ទឹមនឹងនេះ កីឡាករវ័យ៣៦ឆ្នាំក៏បានវ៉ាលោក Ole Gunnar Solskjaer លើចំនួនគ្រាប់បាល់សរុបនៅបិសាចក្រហម ដោយរកបាន១២៧គ្រាប់ពី៣០៣ប្រកួត។ ចំណែកលោក Ole រកបាន១២៦គ្រាប់ពី៣៦៦ប្រកួត។
សរុប៤ប្រកួតនៅពូល F បិសាចក្រហមឈរលេខ១ មាន៧ពិន្ទុ ស្មើ Villareal ដែលឈ្នះ Young Boys ២ទល់នឹង០ ក្នុងថ្ងៃដដែល ខណៈ Atlanta មាន៥ពិន្ទុ នៅលេខ៣។ Young Boys នៅលេខ៤ មាន៣ពិន្ទុ៕