Manuel Lanzini ចង់ចូលលេងគ្រប់ប្រកួតឱ្យ West Ham
(BC-99)
បន្ទាប់ពីទទួលជ័យជម្នះលើក្រុម Aston Villa ខ្សែបម្រើ Manuel Lanzini របស់ក្លឹប West Ham United បាននិយាយថារូបគេចង់លេងឱ្យបានគ្រប់ការប្រកួតតាមដែលអាចធ្វើបាន ប៉ុន្តែក៏រូបគេយល់ពីទ្ធផលរួមគឺសំខាន់ជាងសមិទ្ធផលបុគ្គល។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានប្រាប់ West Ham TV ថា “ខ្ញុំត្រូវតែត្រៀមខ្លួនដើម្បីលេងឱ្យបានគ្រប់ប្រកួតទាំងអស់ដើម្បីជួយក្រុម ប៉ុន្តែវាមិនមែនដើម្បីតែសមិទ្ធផលសួនតួរបស់ខ្ញុំទេ អ្វីដែលសំខាន់គឺជួយក្រុមឱ្យក្លាយជាក្រុមដ៏ខ្លាំងមួយ។ ដូច្នេះយើងខ្ញុំត្រូវបន្តធ្វើឱ្យបានល្អជាងនេះ”។
West Ham United បានឡើងមកកាន់ចំណាត់ថ្នាក់លេខ៤នៅតារាង Premier League បន្ទាប់ពីឈ្នះ Aston Villa ១-៤ ដែលធ្វើឱ្យពួកគេទទួលបានជ័យជម្នះ៦លើកស្មើ២លើកចាញ់២លើកមាន២០ពិន្ទុក្រោយពីឆ្លងកាត់ការប្រកួតចំនួន១០សប្តាហ៍កន្លងមក។ ដោយឡែកនៅក្របខណ្ឌ League Cup ឯណោះវិញ ក្រុមដែលមានរហស្សនាម ញញួរយក្ស មួយនេះបានឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយហើយដោយត្រូវប៉ះប្រកួតជាមួយ Spurs ដែលជាក្រុមនៅក្រុង London ដូចគ្នា។
សូមបញ្ជាក់ថា West Ham បានទម្លាក់ក្រុម Man City ចេញពីវគ្គ១៦ក្រុមក្របខណ្ឌ League Cup ខណៈដែល Manuel Lanzini ជាអ្នកស៊ុតតែមួយគ្រាប់គត់ដើម្បីទម្លាក់ Man Utd តាំងពីវគ្គ ៣២ ក្រុម។