អ្នកគាំទ្រនៅបារាំងអុកឡុកទៀតហើយ! ម្ដងនេះមានទាំងគប់ Neymar និងរត់តាម Messi ទៀត
ការប្រកួតបាល់ទាត់ក្របខណ្ឌ Ligue 1 របស់បារាំង រវាង Olympique Marseille និង Paris Saint Germain បានបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា ០ទល់នឹង០ ក្រោមបរិយាកាសអាប់អួរបន្តិច។
ការប្រកួតទាំង២វគ្គត្រូវបានបង្អាក់ដោយសកម្មភាពមិនសមរម្យពីអ្នគាំទ្រ។ ជាក់ស្ដែង ហ្វេនម្ចាស់ផ្ទះ Marseille បានយកដបទឹកគប់ Neymar ពេលគេទៅទាត់បាល់ជ្រុង ដល់ថ្នាក់កងកម្លាំងសន្តិសុខត្រូវនាំគ្នាយកខែលការពារកីឡាករ PSG រូបនេះ។
បន្ទាប់មក មានបុរសម្នាក់បានរត់ចូលទីលានតាម Lionel Messi ពីក្រោយថែមទៀតក្នុងវគ្គទី២។
គ្រាប់បាល់របស់ក្រុមទាំង២ម្នាក់មួយត្រូវបានសម្រេចមិនឲ្យ បន្ទាប់ពីមានការពិនិត្យ V.A.R ឃើញថា off-side។ ដល់នាទី៥៧ Achraf Hakimi របស់ PSG ក៏ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបន្ទាប់ពីចាប់ទាញកីឡាករ Cengiz របស់ Marseille។ តាមពិតទៅ ដំបូងឡើយអត់ទាន់ឲ្យកាតក្រហមភ្លាមទេ តែក្រោយពិនិត្យ V.A.R អាជ្ញាកណ្ដាលក៏សម្រេចចិត្តបណ្ដេញចេញតែម្ដង។
PSG ដែលមិនទាន់ចាញ់ក្នុងចំណោម១១ប្រកួតដំបូងនៅ Ligue 1 រដូវកាលនេះ មាន២៨ពិន្ទុ នាំមុខក្រុមលេខ២ Lens ៧ពិន្ទុ។ ចំណែក Marseille នៅលេខ៤ មាន១៨ពិន្ទុ៕