CR7 ក្លាយជាកីឡាករធ្វើបានហ៊ែតទ្រីកច្រើនជាងគេបំផុតលើលោកកម្រិតជម្រើសជាតិ
Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ពេលព័រទុយហ្គាល់ឈ្នះលុចសំបួ ដោយលទ្ធផល៥ទល់នឹង០ ក្នុងការប្រកួតជម្រុះ FIFA World Cup 2022។
ការទាត់បាល់១១ម៉ែត្រដោយជោគជ័យ២គ្រាប់ នាទីទី៨ និងនាទី១៣ និងការតែតបញ្ចូលទីនាទី៨៧ បានក្លាយជាហ៊ែតទ្រីកទី១០របស់ Cristiano Ronaldo ក្នុងកម្រិតជម្រើសជាតិ ដែលពុំទាន់មានកីឡាកររូបណាធ្វើបានឡើយ។ ដោយឡែក ខ្សែប្រយុទ្ធ Ali Mabkhout (អារ៉ាប់រួម) និង Sven Rydell (ស៊ុយអែត) ធ្វើបាន៩ដងដូចគ្នា។ ចំណែក Poul Nielsen (ដាណឺម៉ាក), Gerd Muller (អាល្លឺម៉ង់) ធ្វើបាន៨ដងដូចគ្នា។
លុចសំបួ, លីទុយអានី, ស្វីស, អេស្ប៉ាញ, កោះហ្វារ៉ូ, អង់ដូរ៉ា, អាមេនី, ស៊ុយអែត និងអៀរឡង់ខាងជើង ជាជម្រើសជាតិដែល Cristiano Ronaldo ធ្វើបានហ៊ែតទ្រីក និងធ្លាប់រកបានលើស៣គ្រាប់ថែមទៀត។ ក្នុងចំណោមនោះ CR7 ធ្វើបានហ៊ែតទ្រីក២ដងលើលីទុយអានី (ប៉ះគ្នា២ដង ធ្វើបានហ៊ែតទ្រីកទាំង២ដង)។
គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធ Manchester United រកបាន១១៥គ្រាប់ហើយក្នុងកម្រិតជម្រើសជាតិ។
ព័រទុយហ្គាល់ស្ថិតក្នុងពូល A មាន១៦ពិន្ទុពីការប្រកួត៦លើក ក្រោមស៊ែប៊ី១ពិន្ទុ តែស៊ែប៊ី លេងច្រើនជាង១ប្រកួត៕