Watford ជាក្រុមដំបូងគេនៅ Premier League ដកតំណែងគ្រូបង្គោល
លោក Xisco Munoz បានក្លាយជាអ្នកចាត់ការដំបូងគេនៅ Premier League ដែលបានរបូតតំណែង ក្រោយថ្នាក់ដឹកនាំ Watford សម្រេចដកចេញ។
បុរសវ័យ៤១ឆ្នាំបាននាំក្រុមរហស្សនាមឪម៉ាល់ឡើងទៅកាន់ក្របខណ្ឌ Premier League ក្រោយចូលរួមជាមួយក្រុមនេះនៅខែធ្នូ ឆ្នាំ២០២០។
ឆ្លងកាត់ការប្រកួត៧លើកនៅរដូវកាលនេះ Watford ស្ថិតនៅលេខ១៤ ហើយប្រកួតចុងក្រោយរបស់លោក Xisco កើតឡើងពេលចាញ់ Leeds United ១ទល់នឹង០។
ថ្នាក់ដឹកនាំ Watford បានសម្រេចដកតំណែងលោក Xisco ដោយយោងតាមគុណផលក្រុមនាពេលថ្មីៗ។
លោក Xisco ក៏ជាអ្នកចាត់ការ Watford ទី១៣ ចាប់តាំងពីគ្រួសារត្រកូល Pozzo ចូលកាន់តំណែង កាលឆ្នាំ២០១២។ គេជឿថា អតីតអ្នកចាត់ការ Leicester City លោក Claudio Ranieri ស្ថិតក្នុងការពិចារណាជាគ្រូបង្គោលថ្មី៕