អ្នកជំនួញម្នាក់ហៀបតែចំណេញលុយបីពាន់លានផោនប្រសិនបើគាត់ទិញក្លិប Man Utd បានតាំងពីនៅតម្លៃត្រឹម១០លានផោន
(BC-99)
Manchester United គឺជាក្លិបបាល់ទាត់ដ៏មានតំលៃបំផុតរបស់ពិភពលោក ដោយសារភាពលេចធ្លោរបស់ពួកគេនៅលីគកំពូល អង់គ្លេស ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០, ២០០០ និង ២០១០ តែមានរឿងរ៉ាវខ្លះដែលលោកអ្នកមិនទាន់បានដឹងអំពីក្រុម បិសាចក្រហមមួយនេះ។
មុននឹងក្លាយជាក្លិបបាល់ទាត់ដែលមានស្តុកស្តម្ភជាងគេកាលពីឆ្នាំ ១៩៨៩ ក្លឹប Manchester United ធ្លាប់ជួបវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតដែលធ្វើឱ្យក្លិបមួយនេះមានតម្លៃលក់ផ្តាច់ត្រឹមតែ ១០ លានផោនប៉ុណ្ណោះ(ប្រហែលជា១០០លានផោននាពេលបច្ចុប្បន្ន)។
អ្នកជំនួញផ្នែកអចលនទ្រព្យ Michael Knighton ត្រូវបានប្រកាសជាម្ចាស់ក្លិបមួយនេះនៅមុនមួយថ្ងៃនៃការប្រកួតបើករដូវកាលរបស់ពួកគេទល់នឹង Arsenal នៅ Old Trafford ។ បន្ទាប់មកទៀតលោកក៏បានបង្ហាញខ្លួនក្នុងនាមជាម្ចាស់ក្លិបថ្មីនៅពីមុខអ្នកគាំទ្រប្រមាណ ៤៨.០០០ ។
ផែនការរបស់លោកនៅពេលនោះគឺប្រែក្លាយក្រុមបិសាចក្រហម Manchester United ឱ្យទៅជាក្លិបដែលមានអាជីវកម្មផ្សេងទៀតដំបូងគេដែលអាចរកទឹកប្រាក់ដល់ទៅ ១៥០ លានផោនក្នុងមួយឆ្នាំ។
តែទីបំផុតទៅគម្រោងការណ៍របស់លោកក៏ក្លាយជាអាសារបង់ដោយសារតែមានការខ្វែងគំនិតគ្នារវាងលោក Knighton និងគណកម្មការរបស់ក្លិបដែលជំទាស់និងគំនិតអភិវឌ្ឍមួយនេះដោយពួកគេក៏មិនជឿផងទេថាលោកអាចមានសមត្ថភាពធ្វើរឿងទាំងនេះបាននៅសម័យនោះ។
លោក Knighton ក៏សម្រេចចិត្តដកលុយយកមកវិញហើយក៏លែងមានបំណងចង់អភិវឌ្ឍជាមួយក្លិបណាទាំងអស់។ តាមរយៈការវាយតម្លៃទ្រព្យសម្បត្តិរបស់ក្លិប Manchester United នៅពេលបច្ចុប្បន្នបានបង្ហាញថាក្លិបមួយនេះមានតម្លៃដល់ទៅ ៣ពាន់លានផោនថ្លៃជាងក្លិបណាៗទាំងអស់នៅ Premier League ។
ដូចនេះប្រសិនបើលោក Michael Knighton បានកាន់កាប់ Man Utd តាំងពីឆ្នាំ ១៩៨៩ ដោយចំណាយទឹកប្រាក់ត្រឹម ១០ លានផោននៅពេលនោះប្រហែលជានាពេលនេះលោកគឺជាម្ចាស់ទឹកប្រាក់ ៣ ពាន់លានផោននេះទៅហើយ។