កូនក្រុម២នាក់ត្រូវលោក Pep ស្រែកដាក់ខ្លាំងជាងគេក្នុងប្រកួតឈ្នះ Leipzig
Manchester City ទទួលបានជ័យជម្នះក្នុងប្រកួតដំបូងរបស់ខ្លួនប្រចាំពូល A នៃពានរង្វាន់ UEFA Champions League ដោយឈ្នះ RB Leipzig ៦ទល់នឹង៣។
ក្រុមម្ចាស់ផ្ទះមេឃខៀវបាននាំមុខ៣ទល់នឹង១មុនក្នុងវគ្គទី១ ដោយគ្រាប់បាល់កើតឡើងពី Nathan Ake, គ្រាប់ចូលទីខ្លួនឯងពី Nordi Mukiele និង Riyad Mahrez។ ចំណែក Christopher Nkunku ជាអ្នករកបានគ្រាប់បាល់សម្រាប់ក្រុមមកពីអាល្លឺម៉ង់។
ចូលដល់វគ្គទី២ នាទី៥១ Nkunku ដដែលបានតែតមួយគ្រាប់ពីក្រោយថែមទៀត។ យ៉ាងណា Jack Grealish ទាត់ឲ្យ Man City បាននាំមុខ៤ទល់នឹង២។ ទោះនាំមុខ២គ្រាប់ លោក Pep Guardiola មិនសប្បាយចិត្តទេ ហើយបានហៅ Mahrez មកនិយាយប្រាប់ក្នុងនាទី៦៣។ រូបភាពបានបង្ហាញថា គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះហាក់ខឹងខ្លាំង និងបានស្រែកដាក់កូនក្រុមម្ដងហើយម្ដងទៀត។
សូម្បីតែ Jack Grealish ក៏ត្រូវបានលោក Pep ស្រែកដាក់ ហើយបន្ទាប់មកលោកបានស្រែកទៅកូនក្រុមផ្សេងៗទៀតនៅលើទីលាន។
ឆ្លើយតបទៅនឹងសំណួរថាតើហេតុអ្វីបានជាលោកស្រែកខ្លាំងៗបែបនេះ លោក Pep និយាយថា លោកចង់ឲ្យកូនក្រុមលេងអស់ពីសមត្ថភាព ព្រោះ RB Leipzig លេងបានយ៉ាងល្អ។
ក្នុងការប្រកួត Nkunku របស់ Leipzig ធ្វើបានហ៊ែតទ្រីក ខណៈ២គ្រាប់ទៀតរបស់ Man City រកបានដោយ Joao Cancelo និង Gabriel Jesus៕