កីឡាករ Man UTD ៦រូបដែលចេញ ហើយត្រលប់ចូលលេងវិញ
Manchester United បានប្រកាសពីការព្រមព្រៀងផ្ទេរយក Cristiano Ronaldo ទៅកាន់កីឡដ្ឋាន Old Trafford សាជាថ្មី ក្រោយខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះចេញទៅចូលរួមជាមួយ Real Madrid កាលឆ្នាំ២០០៩។
ប្រសិនបើគ្មានអ្វីប្រែប្រួល គេនឹងក្លាយជាកីឡាករម្នាក់ទៀតដែលបានចាកចេញ និងវិលចូលលេងឲ្យ Man UTD ជាលើកទី២។ មុនការត្រលប់របស់ CR7 ក៏មានអតីតកីឡាករ និងកីឡាករ៦រូបទៀតដែលលេងឲ្យ Man UTD ២លើកដែរ។
១. អ្នកចាំទី Mark Bosnich
ផ្ដើមបាល់ទាត់អាជីពក្នុងឆ្នាំ១៩៨៩នៅ Manchester United បុរសជនជាតិអូស្ត្រាលីបានចេញពី Old Trafford ឆ្នាំ១៩៩១ ដោយទៅលេងនៅ Sydney United, Aston Villa មុនវិលទៅ Man UTD វិញឆ្នាំ១៩៩៩ ហើយលេងបាន២រដូវកាលក៏ចេញទៅ Chelsea។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៩ ហើយបច្ចុប្បន្នមានវ័យ៤៩ឆ្នាំ។
២. អ្នកចាំទី Leslie Jesse Sealey
អតីតអ្នកចាំទីជនជាតិអង់គ្លេសរូបនេះបានបាត់បង់ជីវិតទៅហើយកាលឆ្នាំ២០០១ក្នុងវ័យ៤៣ឆ្នាំ។ លោកលេងនៅបិសាចក្រហមមួយរដូវកាល គឺ១៩៩០/១៩៩១ បាន៣១ប្រកួត មុនចេញទៅ Aston Villa។ លោកវិលទៅ Old Trafford វិញឆ្នាំ១៩៩៣ដល់១៩៩៤។ លោកបានបាត់បង់ជីវិតដោយសារគាំងបេះដូងពេលកំពុងធ្វើគ្រូចាំទីនៅ West Ham United។
៣. Mark Hughes
ជាអតីតខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូប លោកលេងនៅ Man UTD ២ដង ពីឆ្នាំ១៩៨០ ដល់១៩៨៦ មុនចេញទៅ FC Barcelona និង Bayern Munich។ លោកលេងឲ្យ Man UTD ម្ដងទៀតពីឆ្នាំ១៩៨៨ដល់១៩៩៥ ហើយក៏ចេញទៅ Chelsea, Southampton, Everton និងព្យួរស្បែកជើងឆ្នាំ២០០២ នៅ Blackburn Rovers។
៤. Paul Scholes
Paul Scholes ជាករណីមួយទៀត ដោយលោកលេងឲ្យ Man UTD ពីឆ្នាំ១៩៩៣ដល់២០១១ ក៏ចូលនិវត្តន៍។ តែចូលដល់ឆ្នាំ២០១២ លោកបានចូលលេងម្ដងទៀតនៅបិសាចក្រហម មុនព្យួរស្បែកជើងមែនទែនក្នុងឆ្នាំ២០១៣។
៥. Paul Pogba
ធ្លាប់ជាយុវជនថ្នាលម្នាក់នៅ Man UTD ពីឆ្នាំ២០០៩ដល់២០១១ គេបានជាប់ក្រុមធំឆ្នាំ២០១១ ដល់២០១២ ក៏ផ្ទេរទៅ Juventus ឥតតម្លៃខ្លួន ដោយបានតែថ្លៃអភិវឌ្ឍន៍ (Development Fee) ខ្លះប៉ុណ្ណោះ។ បិសាចក្រហមបានទិញកីឡាករជម្រើសជាតិបារាំងរូបនេះពី Juventus វិញក្នុងឆ្នាំ២០១៦ តម្លៃ៨៩លានផោន។
៦. Tom Heaton
ជាកីឡាករដុះដាលពីថ្នាលបិសាចក្រហម គេមានឈ្មោះក្នុងក្រុមធំពីឆ្នាំ២០០៥ដល់២០១០ តែមិនដែលបានលេងទេ ដោយផ្ទេរទៅកាន់ក្រុមផ្សេងៗទៀតលើលក្ខខណ្ឌខ្ចី។ អ្នកចាំទីវ័យ៣៥ឆ្នាំក៏ធ្លាប់លេងឲ្យ Cardiff City, Bristol City, Burnley និង Aston Villa មុនផ្ទេរទៅ Man UTD វិញឆ្នាំ២០២១ ខែកក្កដា កន្លងទៅ៕