
អ្នកជំនាញ២០នាក់ជឿថា Man UTD នឹងមិនលើកពាន Premier League រដូវកាលនេះទេ
អ្នកជំនាញរបស់សារព័ត៌មាន BBC គិតថា Manchester City និង Chelsea មានភាគរយខ្ពស់ក្នុងការឈ្នះតំណែងជើងឯក Premier League រដូវកាល២០២១/២០២២។
លោក Alan Shearer បានជ្រើសរើស Chelsea ជាបេក្ខជនទី១ដែលនឹងលើកពានលិគកំពូលអង់គ្លេស ចំណែក៣ក្រុមផ្សេងៗទៀត គឺ Manchester City, Manchester United និង Liverpool នឹងបញ្ចប់ក្នុងតំណែង Top 4។
អ្នកជំនាញ១៣នាក់ក្នុងចំណោម២០នាក់ជឿថា Manchester City និងឈ្នះជើងឯក ខណៈអ្នកនៅសល់ផ្សេងទៀតមានទំនុកចិត្តលើ Chelsea។
អតីតខ្សែការពារ Nedum Onuoha និង Lindsay Johnson ទាយថា Manchester United នឹងបញ្ចប់ចំណាតថ្នាក់លេខ២ តែពុំមានអ្នកគិតពី Arsenal ទេ។ អ្នកទាំង២គិតថា Tottenham Hotspur និង Leicester City អាចមានកៅអីទៅ UEFA Champions League។
អ្នកជំនាញ២នាក់ទៀត គឺលោក William Hill និង Paddy Power គិតថា បេក្ខជនឈ្នះ Premier League រដូវកាលថ្មីនេះមានតាមលំដាប់លំដោយដូចជា Man City, Chelsea, Liverpool, MU, Leicester, Arsenal និង Tottenham។
មុនបើករដូវកាលថ្មី Manchester City បានលាកីឡាករសំខាន់ៗ២រូប គឺ Sergio Aguero និង Eric Garcia។ ក្រុមមេឃខៀវក៏បានចាយ១០០លានផោនទិញ Jack Grealish ពី Aston Villa និងកំពុងតាមទិញ Harry Kane ពី Tottenham Hotspur ថែមទៀត។ ពួកគេរំពឹងថា វត្តមានរបស់ Grealish នឹងជួយបង្កើនគុណភាពតំបន់បម្រើ ហើយប្រសិនបើយកបាន Kane ទៀតនោះ តំបន់ប្រយុទ្ធក៏កាន់តែមុតស្រួច។
សម្រាប់ Chelsea វិញបានចំណាយជិត១០០លានផោនទិញ Romelu Lukaku ពី Inter Milan។ នៅ Man UTD ឯណោះវិញ បាននាំចូល Jadon Sancho និងកំពុងដំណើរការយក Raphael Varane។ ពួកគេក៏កំពុងសម្លឹងទៅកាន់ការបន្ថែមខ្សែបម្រើការពារដ៏មានគុណភាពម្នាក់ទៀតដែរ។
Liverpool ហាក់ស្ងប់ស្ងាត់បន្តិច បន្ទាប់ពីទិញបានខ្សែការពារ Ibrahima Koante ពី Leipzig តម្លៃ៣៥លានផោន ពុំឃើញមាននាំចូលខ្សែបម្រើកណ្ដាលណាទៀតទេដើម្បីជំនួសកន្លែងរបស់ Georginio Wijnaldum។
Arsenal បានទិញខ្សែការពារ Ben White តម្លៃ៥០លានផោនពី Brighton & Hove Albion ហើយក៏កំពុងសម្លឹងទៅកាន់ James Maddison។ ចំណែក Tottenham Hotspur ត្រៀមខ្លួនទិញ Lautaro Martinez ពី Inter Milan ប្រសិនបើ Harry Kane ចាកចេញ។
បើតាមស្ថាប័ន Transfer Markt ក្លិបទាំង២០នៅ Premier League បានចាយជិត៨០០លានផោនហើយលើការទិញដូរកីឡាករ។ Aston Villa ចាយជិត៩០លានផោន ក្រោយបាន១០០លានផោនពីការលក់ Grealish ទៅ Manchester City។
Premier League ចាយច្រើនជាងលីគអឺរ៉ុបផ្សេងទៀត ដូចជា ច្រើនជាង La Liga ១០៧លានផោន, ច្រើនជាង Serie A ៣២៧លានផោន, ច្រើនជាង Bundesliga ២៧៥លានផោន និងច្រើនជាង Ligue 1 ២៤៣លានផោន។
ទោះមានការរាតត្បាតពីជំងឺកូវីដ១៩ ក្លិបនៅ Premier League នៅតែអាចរក្សាស្ថិរភាពហិរញ្ញវត្ថុបានល្អក្នុងចំណោមលីគអឺរ៉ុបធំៗទាំង៥៕