ក្រុមបងធំបារាំង PSG កំពុងនាំមុខគេក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Lionel Messi
FC Barcelona កាលពីព្រឹកមិញនេះបានធ្វើការប្រកាសយ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយអំពីការចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Lionel Messi ក្រោយពេលដែលភាគីទាំងសងខាងមិនអាចឈានទៅដល់ការព្រមព្រៀងចុះកុងត្រាថ្មីនៅរដូវក្តៅនេះ។
ជាក់ស្តែងតាមការគ្រោងទុក ទាំងភាគី FC Barcelona និងភាគីរបស់ Lionel Messi សុទ្ធសឹងតែរំពឹងថានឹងសម្រេចការចុះកុងត្រាជាមួយគ្នា មុនពេលដែលឈានទៅដល់ការជួបបញ្ហាជាប់គាំងដោយសារតែវិបត្តិហិរញ្ញវត្ថុរបស់ក្លឹបជាមួយនឹងច្បាប់របស់ក្របខ័ណ្ឌ La Liga។
គិតមកទល់ពេលនេះព័ត៌មានចចាមអារ៉ាមទាក់ទិននឹងការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធ Lionel Messi ក្នុងការផ្លាស់ទៅកាន់ក្លឹបណាមួយនៅឡើយទេ ដោយសារតែឥឡូវនេះប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងតែមានការភ្ញាក់ផ្អើលអំពីរឿងរ៉ាវដែលកំពុងកើតឡើងថ្មីៗនេះ។
យ៉ាងណាក្តីយោងតាមសារព័ត៌មានកីឡា L’Équipe នៅបារាំងបានចុះផ្សាយថា Paris Saint-Germain កំពុងនាំមុខ Manchester City និង Juventus ក្នុងការចុះកុងត្រាជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យ ដោយសារតែហ៊ានផ្តល់ថ្លៃនឿយហត់ប្រចាំខែខ្ពស់គឺ១លានដុល្លារក្នុងមួយ១ខែ រួមជាមួយនឹងលក្ខខ័ណ្ឌផ្ទាល់ខ្លួនពិសេសថែមទៀតផង។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi បានដុះចេញពីថ្នាលពីយុវជន FC Barcelona តាំងពីឆ្នាំ២០០៣មកម្ល៉េះ ដោយគិតមកទល់ឆ្នាំ២០២១នេះ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ជាច្រើនក្នុងការរួមរស់ជាមួយក្លឹបនៅតំបន់កាតាឡាន់អស់រយៈពេល១៨ឆ្នាំមកនេះ។