Pessina អតីតសិស្សរដ្ឋបាល និងសេដ្ឋកិច្ច តស៊ូពីលីគទី៣ដល់ជាប់ជម្រើសជាតិអ៊ីតាលី
Matteo Pessina មានរឿងដ៏គួរឲ្យចងចាំមួយក្នុងអាជីពបាល់ទាត់របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ដែលគេបានរកគ្រាប់បាល់បញ្ចូលទីវេលស៍ រួមចំណែកឲ្យអ៊ីតាលីបញ្ចប់វគ្គចែកពូលក្នុងនាមក្រុមកំពូលតារាងនៅ Euro 2020។
Pessina ដែលជាកីឡាករបានប្រាក់ឈ្នួលប្រចាំឆ្នាំតិចជាងគេ (គិតក្នុងចំណោមកីឡាករដែលជាប់ជម្រើសជាតិអ៊ីតាលីនៅ Euro) គឺ៤សែនអឺរ៉ូ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីជម្រើសជាតិអ៊ីតាលីចុងក្រោយគេ ព្រោះ Stafeno Sensi មានរបួស ត្រូវដកខ្លួនចេញវិញ។
“វាដូចជាសុបិនមួយដែលបានជាប់ជម្រើស១១នាក់ដំបូងនៅ Euro ហើយទាត់បញ្ចូលទី។ ខ្ញុំពិតជាគេងមិនលក់ពេញមួយសប្ដាហ៍។ ឧទាហរណ៍របស់ខ្ញុំបង្ហាញថា កីឡាករដែលលេងនៅលីគទី៣អាចឈានដល់ជាប់ជម្រើសជាតិបាន ប្រសិនបើពួកគេមានឆន្ទៈតស៊ូលះបង់។” នេះជាការលើកឡើងពី Pessina។
កីឡាករវ័យ២៤ឆ្នាំចាប់ផ្ដើមលេងឲ្យ Monza កាលនៅក្របខណ្ឌ Serie C ហើយក៏ផ្លាស់ទៅ AC Milan ក្នុងឆ្នាំ២០១៥ មុនផ្ទេរទៅ Lecce, Catania, Como និង Atlanta។
ដូចបានបញ្ជាក់អ៊ីចឹងដែរ គឺគេធ្លាប់ជាអ្នករៀនខាងរដ្ឋបាល និងសេដ្ឋកិច្ច ហើយកាលនៅក្មេង គេធ្លាប់ប្រលងរាំរបាំបាឡេទៀតផង។ Pessina ទទូចថា គេចូលចិត្តអានសៀវភៅ ជាងលេង PlayStation និងចង់ក្លាយជាស្ថាបត្យករដូចម្ដាយរបស់គេ។
“កាលនៅក្មេង ខ្ញុំរៀនគណិត និងធរណីមាត្រ។ វាជួយឲ្យខ្ញុំគិតបានរហ័ស។ ក្នុងតំណែងខ្សែបម្រើរបស់ខ្ញុំវិញ គឺមានភាពខុសគ្នាគ្រប់វិនាទី។”
Pessina អះអាងថា នឹងនៅតែបន្តបាល់ទាត់ ដោយធ្វើគ្រូម្ដងពេលឈប់លេង៕