ដឹងអត់? ក្រុមជម្រើសជាតិនីមួយៗទទួលបានប្រាក់រង្វាន់ប៉ុន្មាននៅក្នុងព្រឹត្តិការណ៍ Euro 2020 នេះ
ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Euro 2020 បានឈានមកដល់វគ្គ១/៤ហើយ បន្ទាប់ពីក្រុមទាំង២៤បានធ្វើការប្រកួតប្រជែងគ្នាអស់រយៈពេលជាង២សប្តាហ៍កន្លងមកនេះ។
ការប្រកួតរវាងក្រុមទាំង៨ដែលនៅសល់នឹងចាប់ផ្តើមចាប់ពីម៉ោង១១យប់នេះស្អែកនេះតទៅហើយ ដោយក្រុមជម្រើសជាតិអេស្ប៉ាញត្រូវប៉ះគ្នាជាមួយស្វីស ខណៈប៊ែលហ្ស៊ិកប្រកួតជាមួយអ៊ីតាលី ហើយអង់គ្លេសជួបអ៊ុយក្រែន រីឯដាណាម៉ាកតតាំងជាមួយសាធារណរដ្ឋឆេក។
យ៉ាងណាក្តីសម្រាប់ប្រាក់រង្វាន់ដែលត្រូវនឹងទទួលបាននៅក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអឺរ៉ុបនេះរបស់ក្រុមជម្រើសជាតិនីមួយៗគឺ៖
- ក្រុមជម្រើសជាតិទាំង២៤ដែលបានឡើងមកវគ្គចែកពូលត្រូវទទួលបានក្នុងមួយក្រុមចំនួន៩,២៥លានអឺរ៉ូ
- ក្រុមជម្រើសជាតិនីមួយៗនឹងទទួលបាន១,៥លានអឺរ៉ូ តែបើស្មើបាន៧៥ម៉ឺនអឺរ៉ូសម្រាប់ការប្រកួតក្នុងពូល
- ក្រុមជម្រើសជាតិដែលបានឈានចូលវគ្គ១៦ក្រុមចុងក្រោយនឹងទទួលបាន២លានអឺរ៉ូ
- ក្រុមជម្រើសជាតិដែលបានឈានចូលវគ្គ៨ក្រុមចុងក្រោយនឹងទទួលបាន៣.២៥លានអឺរ៉ូ
- ក្រុមជម្រើសជាតិដែលបានឈានចូលវគ្គ៤ក្រុមចុងក្រោយនឹងទទួលបាន៥លានអឺរ៉ូ
- ក្រុមជម្រើសជាតិដែលទទួលបានជើងឯករងនឹងទទួលបានប្រាក់រង្វាន់៧លានអឺរ៉ូ
- ក្រុមជម្រើសជាតិដែលទទួលបានជើងឯកនឹងទទួលបានប្រាក់រង្វាន់១០លានអឺរ៉ូ
ដូចនេះបើយើងសរុបមកសម្រាប់ក្រុមជើងឯកពានរង្វាន់ Euro 2020 នេះគឺនឹងទទួលបានប្រាក់រង្វាន់សរុបប្រមាណ៣៤លានអឺរ៉ូពីស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប UEFA៕