បែលហ្ស៊ិក និងហូឡង់ បានកៅអីទៅវគ្គ១៦ក្រុមជាមួយអ៊ីតាលីហើយ
ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2020 ហើយ ក្រោយឈ្នះអូទ្រីស ២ទល់នឹង០ និងយកបានកំពូលតារាងពូល C។
ក្រុមមច្ចុរាជពណ៌ទឹកក្រូចដែលបានឈ្នះអ៊ុយក្រែននៅថ្ងៃបើកឆាក រកគ្រាប់បាល់២គ្រាប់ក្នុងជំនួបឈ្នះអូទ្រីសដោយ Memphis Depay តាមរយៈការទាត់បាល់១១ម៉ែត្រ និងមួយគ្រាប់ទៀតដោយ Denzel Dumfries។ នេះជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០០៨ដែលហូឡង់បានឡើងដល់វគ្គចាញ់ធ្លាក់ Euro។
អូទ្រីសដែលបើកឆាកឈ្នះម៉ាសេដ្វាំងខាងជើងនឹងអ៊ុតកៅអីនៅថ្ងៃចុងក្រោយវគ្គចែកពូល ដែលត្រូវប៉ះអ៊ុយក្រែន។ ចំណែកការប្រកួតនៅថ្ងៃម្សិលដដែល គឺអ៊ុយក្រែន បានយកឈ្នះម៉ាសេដ្វាំងខាងជើង ២ទល់នឹង១។
ការប្រកួតមួយគូទៀតតែក្នុងពូល B បែលហ្ស៊ិកបានវាយបកយកឈ្នះដាណឺម៉ាក ដោយលទ្ធផល១ទល់នឹង២។ ការប្រកួតនេះប្រព្រឹត្តទៅបាន២នាទី Yussuf Poulsen ទាត់បញ្ចូលទីឲ្យដាណឺម៉ាក នាំមុខមុន។ ក្នុងនាទីទី១០ ក៏មានការផ្អាកមួយនាទីផងដែរ ដើម្បីជាការផ្ដល់កម្លាំងចិត្តដល់ Christian Eriksen។
ចូលដល់វគ្គទី២ Thorgan Hazard បានតាមស្មើឲ្យបែលហ្ស៊ិក ហើយ១៥នាទីក្រោយ Kevin De Bruyne បានបំប៉ោងសំណាញ់គ្រាប់ជ័យជម្នះ។ ដូច្នេះបែលហ្ស៊ិកដែលមាន៦ពិន្ទុពេញពីការប្រកួត២លើក បានកៅអីវគ្គ១៦ក្រុមរួចរាល់ហើយ៕