លោក Joel Glazer ម្ចាស់ក្លឹប Man Utd យល់ស្របតាមយោបល់រិះគន់របស់ Neville
(BC-99)
លោក Joel Glazer បានទទូចបន្ថែមថាក្រុមប្រឹក្សាភិបាលរបស់ក្លិប Manchester United គួរតែស្តាប់ការរិះគន់របស់លោក Gary Neville ជុំវិញការគ្រប់គ្រងក្លឹបរបស់ពួកគេ។
អតីតកីឡាករនិងជាវីរបុរសរបស់បិសាចក្រហម Gary Neville ដែលបានចំណាយពេល ១៩ ឆ្នាំនៅ Old Trafford ធ្លាប់បាននិយាយវាយប្រហារទៅកាន់បងប្អូននៃក្រុមគ្រួសារ Glazers ឱ្យលក់ក្លឹបនេះបន្ទាប់ពីពួកគេបានបរាជ័យក្នុងការចូលរួមជាមួយក្រុម Super League ។ ហើយ Glazer (Joel) បាននិយាយថាក្រុមប្រឹក្សាភិបាលនឹងទទួលយកការរិះគន់របស់ Neville នឹងអាចធ្វើរឿងដូចនេះនៅពេលអនាគត។
លោក Glazer បាននិយាយនៅក្នុងវេទិកាអ្នកគាំទ្រកាលពីសប្តាហ៍មុននៃខែមិថុនានេះថា “ខ្ញុំដឹងថា Gary គឺជាមនុស្សម្នាក់ដែលពិបាកនិយាយគ្នា។ តែការលើកឡើងរបស់គេគឺជារឿងដែលត្រឹមត្រូវម្យ៉ាងដែរ។ មនុស្សគ្រប់រូបតែងតែមានទស្សនៈផ្ទាល់ខ្លួន។ Gary គឺជាវីរបុរសមួយរូបដែលបានជួយក្លឹបនេះច្រើនណាស់។ ដូចនេះ Gary មានគំនិតល្អៗដែលចង់ឃើញក្លិបមានការអភិវឌ្ឍន៍។ យើងនឹងមិនបដិសេធការលើកឡើងរបស់គេនុះទេ។ តែវាគ្រាន់តែជារឿងនៅពេលអនាគតតែប៉ុណ្ណោះ” ។
គួរបញ្ជាក់ថាម្ចាស់ភាគហ៊ុនធំដែលកំពុងតែកាន់កាប់សិទ្ធស្ទើរផ្តាច់មុខនៅ Old Trafford តែងតែទទួលរងការរិះគន់ពីសំណាក់ប្រិយ៍មិត្តទូទាំងពិភពលោករបស់បិសាចក្រហមទាក់ទងទៅនឹងការរកប្រាក់ចំណេញជាងការអភិវឌ្ឍន៍សមត្ថភាពរបស់ក្លិបមួយនេះពីសំណាក់មហាសេដ្ឋីអាមេរិចត្រកូល Glazzer ។ មានរបាយការណ៍បែកធ្លាយមួយបានចង្អុលបង្ហាញថាថ្នាក់ដឹកនាំមួយក្តាប់នេះបានប្រមូលលុយចំណេញពីក្លិបដ៏ចំណាស់មួយនេះខ្ទង់ជាង ១ពាន់លានផោននៅឆ្នាំ ២០១៥ និងមានចំនួនកើនឡើងជិតទ្វេដងនៅឆ្នាំ ២០១៨ តែការអភិវឌ្ឍន៍ក្លិបតាមរយៈការចាយទិញកីឡាករមានចំនួនតិចតួចប៉ុណ្ណោះ។