
ស៊ីហ្គេម ២០២១ នៅវៀតណាម ត្រូវលើកពេលប្រកួត
ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ឆ្នាំ២០២១ បានផ្ញើលិខិតជូនដល់បណ្តាប្រទេសនានានៅក្នុងអាស៊ីអាគ្នេយ៍ ស្តីពីការពន្យារពេលនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដោយគ្រោងលើកពេលទៅធ្វើនៅឆ្នាំ២០២២ជំនួសវិញ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះថា ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានជូនដំណឹងស្តីពីការពន្យារពេលស៊ីហ្គេមឆ្នាំ២០២១នេះ ប៉ុន្តែមិនទាន់ផ្លូវការនៅឡើយទេ។ ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលលិខិតពីគណៈកម្មាធិការជាតិវៀតណាមថា អូឡាំពិកវៀតណាម មានបំណងចង់ពន្យារពេលរហូតដល់ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីស្នើសុំយោបល់ជាមុនសិន មុននឹងសម្រេចជាផ្លូវការ។ កិច្ចប្រជុំបន្ទាន់នេះនឹងត្រូវធ្វើឡើង នៅថ្ងៃទី៩ ខែមិថុនា ២០២១ វេលាម៉ោង ១រសៀល តាមប្រព័ន្ធ Zoom។
សូមរំឭកថា កាលពីចុងខែឧសភា ឆ្នាំ២០២១ ម្ចាស់ផ្ទះវៀតណាម បានបញ្ជាក់ជំហររបស់ខ្លួនថាប្តេជ្ញាចិត្តខ្ពស់នឹងព្យាយាមធ្វើស៊ីហ្គេម នាចុងឆ្នាំ២០២១ឲ្យបាន ប៉ុន្តែដោយសារស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលជាសកលនៅឡើយ ទើបធ្វើឲ្យផ្ទះព្រឹត្តិការណ៍នេះ បានជូនដំណឹងស្តីពីការពន្យារពេលបណ្តោះអាសន្ន ដោយរង់ចំាការសម្រេចក្នុងអង្គប្រជុំអន្តរជាតិ តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃស្អែកនេះ។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាម បានកំណត់បង្ហាញថា ស៊ីហ្គេម២០២១នេះ មានប្រភេទកីឡាដាក់ឲ្យបណ្តាប្រទេសក្នុងអាស៊ានសរុបចំនួន១១ប្រទេសប្រកួតប្រជែងលើ៤០ប្រភេទកីឡា និងមានវិញ្ញាសាសរុបចំនួន ៥២៦៕ ប្រភព ÷ Camsoc