ទើបលើកពាន Ligue 1 បាន២ថ្ងៃ គ្រូធំ Lille ប្រកាសចេញពីតំណែង
លោក Christophe Galtier បានលាឈប់ពីតំណែងជាគ្រូបង្គោល Lille ២ថ្ងៃក្រោយឈ្នះតំណែងជើងឯក French Ligue 1។
បុរសវ័យ៥៤ឆ្នាំបានដឹកនាំក្រុមខាងលើលើកពានក្របខណ្ឌកំពូលបារាំងជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ កាលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ដោយនាំមុខក្រុមលេខ២ Paris Saint Germain មួយពិន្ទុ។
លោកមានផែនការចាកចេញ បន្ទាប់ពីមានការចូលគ្រប់គ្រងពីម្ចាស់ក្លិបថ្មីកាលពីពាក់កណ្ដាលរដូវកាលកន្លងទៅ។
គ្រូបង្វឹកជនជាតិបារាំងប្រាប់សារព័ត៌មាន L’Equipe ថា ពេលវេលារបស់លោកបានមកដល់ហើយ។ ក្លិប Lille ហាក់អល់អែកទទួលយកសំណើលាឈប់ពីលោក Galtier ដែរ តែក្រោយមកក៏យល់ព្រម។
សេចក្ដីប្រកាសត្រូវបានធ្វើឡើង ក្រោយបញ្ចប់ពិធីហែពានក្នុងក្រុងជាមួយអ្នកគាំទ្រកាលថ្ងៃអង្គារ ទី២៥ ខែឧសភា។
លោក Galtier បានចូលដឹកនាំ Lille ក្នុងខែធ្នូ ឆ្នាំ២០១៧ ជំនួសលោក Marcelo Bielsa ដែលកាលណោះក្រុមស្ថិតក្នុងតំបន់កាត់ចោល។ លោកជួយក្រុមគេចផុតតំបន់គ្រោះថ្នាក់ ហើយទទួលបានចំណាតថ្នាក់លេខ២ និងលេខ៤ ក្នុងរដូវកាលបន្តបន្ទាប់រហូតមកដល់ពេលឈ្នះជើងឯក។
ជាមួយនឹងការចាកចេញនេះ ក៏មានដំណឹងថា Nice និង Lyon បានទាក់ទងអតីតគ្រូបង្គោល Saint-Étienne រូបនេះដែរ៕