ម៉ឺន មេឃា ផ្តួល ឈុត សេរីវ៉ាន់ថង ឈរកំពូលតារាងក្នុងពូល ខ្សែក្រវាត់គោជល់
ម៉ឺន មេឃា បានបន្តជ័យជម្នះដោយផ្តួល ឈុត សេរីវ៉ាន់ថង ក្នុងទឹកទី៣ នៃការប្រកួតជុំចុងក្រោយខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ពូល A ។
៣ប្រកួតកន្លងមក ម៉ឺន មេឃា ឈ្នះ សូត្រ វាសនា , ឡុង ជិន និង ឈុត សេរីវ៉ាន់ថង មាន៩ពិន្ទុពេញ ត្រូវរង់ចាំជួប អ្នកលេខ២ ក្នុងពូល B វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំណែក ឈុត សេរីវ៉ាន់ថង ទោះបីចាញ់កាលពីម្សិលមិញ ក៏រូបគេអាចបន្តដំណើរទៅវគ្គបន្តបានដែរ ដោយឈរនៅលេខ២ ត្រូវប៉ះ អ្នកលេខ១ ក្នុងពូល B ។
នៅសប្តាហ៍ថ្ងៃ សៅរ៍ នេះក្នុងពូល B នឹងប្រកួតបិទបញ្ចប់ជុំចុងក្រោយ ដើម្បីរកអ្នកឈ្នះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ សម្រាប់ជុំចុងក្រោយ តាញ់ មករា ត្រូវជួប ឡុង ឡា និង សោម វិឆ័យ ប៉ះ វេង សុភ័ក្រ ការប្រកួតធ្វើឡើងវេលាម៉ោង ៦ ល្ងាច នាសង្វៀន CNC ៕