ទីតាំងនៅភ្នំពេញ និងបណ្តាខេត្តមួយចំនួនត្រូវបានជ្រើសរើសរៀបចំ ស៊ីហ្គេម ២០២៣
ពហុកីឡដ្ឋានមរតកតេជោ ពហុកីឡដ្ឋានអូឡាំពិក សាលពិពណ៌អន្ដរជាតិជ្រោយចង្វារ ផ្សារ ទំនើបអ៊ីអនសែនសុខ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងបណ្តាខេត្តមួយចំនួននឹងក្លាយជាទីលានប្រកួតសម្រាប់ព្រឹត្តិ- ការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលកម្ពុជា ជាម្ចាស់ផ្ទះ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ទីតាំងធំៗចំនួន៥ នៅភ្នំពេញមាន ពហុកីឡដ្ឋានមរតកតេជោ ពហុកីឡដ្ឋានអូឡាំពិក សាលពិពណ៌អន្ដរជាតិជ្រោយចង្វារ ផ្សារ ទំនើបអ៊ីអនសែនសុខ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណ:ខេត្តមាន សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ដែលត្រូវបានកំណត់រួចហើយ ក្នុងគណៈអចិន្ត្រៃយ៍ ប៉ុន្តែត្រូវតែគោរពស្នើសុំការសម្រេចពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានCAMSOC ដើម្បីយកធ្វើជាកន្លែងរៀបចំការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានេះ គឺនៅសល់ពេលជិត២ឆ្នាំប៉ុណ្ណោះ ស្របពេលដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងប្រារព្ធពិធីបើកផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕