អ្នកចាំទី Scott Carson បង្ហាញខ្លួននៅលីគកំពូលអង់គ្លេសលើកដំបូងក្រោយខកខាន៣៦៤៥ថ្ងៃ
Scott Carson អតីតអ្នកចាំទី Leeds United, Liverpool និងក្រុមជម្រើសជាតិអង់គ្លេសត្រូវបានលោក Pep Guardiola ដាក់ឲ្យចូលចាប់បាល់ក្នុងការប្រកួតតទល់ Newcastle United នៅថ្ងៃសុក្រ ទី១៥ ខែឧសភា។
បើតាមសារព័ត៌មាន Goal បុរសវ័យ៣៥ឆ្នាំបានបង្កើតកំណត់ត្រាពិសេសមួយនៅ Premier League ក្រោយការប្រកួតលើកដំបូងសម្រាប់ Man City។ មានន័យថា នេះជាប្រកួតដំបូងនៅ Premier League ក្នុងរយៈពេល១០ឆ្នាំ ពោលការបង្ហាញខ្លួនចុងក្រោយនៅលីគកំពូល កើតឡើងតាំងពី៣៦៤៥ថ្ងៃមុន។ ការប្រកួតចុងក្រោយរបស់គេ គឺលេងឲ្យ West Brom កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១ តទល់ Newcastle United ដូចគ្នា។ នេះជារយៈពេលវែងបំផុតនៅ Premier League។
លោក Pep Guardiola បានផ្ដល់ឱកាសដល់អ្នកចាំទីដៃទី៣រូបនេះ បន្ទាប់ពី Manchester City ឈ្នះតំណែងជើងឯក Premier League រួចរាល់ទៅហើយ។ នេះជារដូវកាលទី២ហើយដែលគេបានចូលរួមជាមួយក្រុមមេឃខៀវលើលក្ខខណ្ឌខ្ចីពី Derby County តែមិនដែលមិនចូលលេងទេ។
Carson បានរបូត៣គ្រាប់ក្នុងការប្រកួតដែល Man City វាយបកយកឈ្នះ Newcastle ៣ទល់នឹង៤ ខណៈ Ferran Torres ធ្វើបានហ៊ែតទ្រីកសម្រាប់ក្រុមជើងឯកថ្មី។
កីឡាករធ្លាប់លេងនៅលីគកំពូលតួកគីជាមួយក្រុម Bursaspor បានបង្ហាញអារម្មណ៍រីករាយមុនការប្រកួតមួយថ្ងៃ បន្ទាប់ពីដឹងថា មានដំណឹងបង្ហាញខ្លួន ព្រោះគេធ្លាប់គិតថា ឱកាសចូលលេងនៅ Premier League ប្រហែលជាអស់ទៅហើយសម្រាប់គេ៕