ដាច់ខែ ឧសភា នេះ កីឡដ្ឋានបាល់ទាត់មរតកតេជោរួចរាល់ហើយ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យសម្រាប់ការប្រកួត ការប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ គិតដល់ពេលនេះសម្រេចបាន៩៥%ហើយ ។
ការសាងសង់កីឡដ្ឋានធំត្រូវបានពន្លឿនឲ្យបានឆាប់រហ័ស ដោយគិតមកដល់ពេលនេះសម្រេចបាន៩៥%ហើយ ខណៈការបំណាក់កៅអីអង្គុយនៅសល់តែប៉ុន្មានរយកៅអីទៀតប៉ុណ្ណោះ។ នៅសល់តែរយៈពេលដ៏ខ្លីខាងមុខនេះ សំណង់កីឡដ្ឋានធំនឹងរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក ហើយហេដ្ឋារចនាសម្ព័ន្ធដ៏ធំស្គឹមស្គៃដ៏អស្ចារ្យរបស់កម្ពុជានឹងក្លាយជានិមិត្តរូបនៃព្រឹត្តិការណ៍កីឡស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាក់ជាមិនខាន។
កីឡដ្ឋានធំនេះ មានកៅអីអង្គុយចំណុះ៦ម៉ឺននាក់ ក្នុងនោះការបំពាក់កៅអីនឹងសម្រេចបាន១០០%នៃកៅអីសរុបចំនួន៦ម៉ឺននេះ ក្នុងខែឧសភា ឆ្នាំ២០២១ នេះ ។
មួយវិញទៀត គឺការដាំស្មៅទីលានបាល់ទាត់ ដែលដាំរួចរាល់ទាំងអស់ហើយ ដោយគ្រាន់តែមិនទាន់ជួសជុល កាត់តំរឹមឲ្យស្មើគ្នា។ ជាមូលដ្ឋាន ផ្នែកខាងក្រោមនៃទីលានបាល់ទាត់គឺបានបំពាក់នូវប្រព័ន្ធបង្ហូរទឹក និងខ្សាច់ដែលទ្រទ្រង់ស្មៅល្អដែលភាគីចិនបានអះអាងថា ជាស្មៅល្អយកមកពិសោធន៍ដាំ សមស្របនឹងបរិយាកាសកម្ពុជាយើង ក្រោមការទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ៕ ប្រភព៖ Cambodia
SEA GAMES 2023
