គ្រូបង្វឹក Jose Mourinho បង្ហើបពីមូលហេតុដ៏សំខាន់បំផុតដែលទទួលយកការងារនៅ AS Roma
ក្រុមចចក AS Roma បានប្រកាសតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹកថ្មីរបស់ខ្លួនជាផ្លូវការ ក្រោយពេលដែលលោក Paulo Fonseca ប្រកាសលាឈប់ក្រោយដំណាច់រដូវកាលនេះ។
បុរសរហស្សនាម The Special One បានចុះកុងត្រា៣ឆ្នាំជាមួយ AS Roma រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ខណៈការចាប់ផ្តើមការងារថ្មីរបស់ខ្លួននៅទឹកដីអ៊ីតាលីចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះ។
ថ្លែងក្រោយពេលប្រកាសជាគ្រូបង្វឹកថ្មីរបស់ AS Roma ជាផ្លូវការ បុរសជនជាតិព័រទុយហ្គាល់បាននិយាយថា៖ “ក្រោយពីបានពិភាក្សាជាមួយម្ចាស់ក្លឹប ខ្ញុំបានយល់អំពីមហិច្ឆតារបស់គេសម្រាប់ AS Roma ហើយអ្វីដែលធ្វើឱ្យចិត្តខ្ញុំសម្រេចទទួលយកការងារនេះគឺក្តីស្រលាញ់របស់អ្នកគាំទ្រ Roma។ ខ្ញុំមិនអាចរងចាំក្នុងការចាប់ផ្តើមរដូវកាលថ្មីបានឡើយ។ Daje Roma!”។
គួរឱ្យដឹងថា កាលពី២សប្តាហ៍មុន Tottenham Hotspurs បានសម្រេចចិត្តបញ្ចប់តំណែងគ្រូបង្វឹក Jose Mourinho ទាំងតក់ក្រហល់យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup ទល់នឹង Manchester City នឹងចូលមកដល់។