ផ្លូវការ! ការប្រកួតដណ្តើមពានរង្វាន់ K-1 របស់ពៅ សក្តិសិទ្ធ ត្រូវពន្យាពេលប្រកួត
ប្រហែល២សប្តាហ៍មុនអ្នកប្រដាល់គុនខ្មែរដែលមានសញ្ជាតិជប៉ុន ពៅ សក្តិសិទ្ធ បានបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនថា៖ រូបគេមានឈ្មោះប្រកួតដណ្តើមពានរង្វាន់ K-1 នៅប្រទេសជប៉ុន នាថ្ងៃទី២២ ខែឧសភា ខាងមុខនេះ។ តែអ្វីៗត្រូវបានប្រែប្រួលវិញ ដោយការប្រកួតនឹងត្រូវលើកពេលវេលាទៅខែមិថុនាវិញ នេះបើយោងតាមការបញ្ជាក់របស់ ពៅ សក្តិសិទ្ធ។
បញ្ហាដែលខាងភាគីជប៉ុនលើកការប្រកួតទៅកាន់ខែ៦វិញ ក៏ដោយសារតែនៅទីនោះកំពុងផ្ទុះការរីករាលដាលជំងឺកូវិដ១៩។ ពៅ សក្តិសិទ្ធ បានបញ្ជាក់ប្រាប់ MSR SPORT បន្ថែមទៀតថា៖ ទោះបីជាខាងភាគីជប៉ុនលើកពេលវេលាទៅប្រកួតនៅខែ៦ក៏ពិតមែន តែរូបគេនៅតែព្យាយាមហ្វឹកហាត់ជាប្រចាំ ទោះថ្ងៃខ្លះបានតិច រឺ ក៏ច្រើនក្តី។ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ K-1 នេះក៏មានវត្តមានកីឡាករថៃចូលរួមប្រកួតលើប្រភេទទំងន់៧០គីឡូក្រាមជាមួយ ពៅ សក្តិសិទ្ធ ផងដែរ។ សម្រាប់លក្ខន្តិកៈប្រកួតវិញ អតីតកូនសិស្សរបស់លោកគ្រូ មាស សុខគ្រី ក៏បានប្រាប់អោយដឹងថាៈ ការប្រកួតគឺមិនតម្រូវអោយវ៉ៃកែងទេ ហើយប្រកួត៣ទឹក ក្នុង១ទឹកសម្រាក១នាទី។ សម្រាប់ការប្រកួតគឺចាញ់ធ្លាក់ ឈ្នះឡើង ហើយក្នុងមួយក្រុមមានគ្នា៨នាក់ ។
អ្វីដែលសំខាន់សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ k-1 គឺ ពៅ សក្តិសិទ្ធ មានបំណងចង់អោយខាងភាគីជប៉ុនស្គាល់គុនខ្មែរអោយបានច្រើនជាងនេះ ព្រោះនៅទីនោះភាគច្រើនគេស្គាល់តែគុនថៃ ម្លោះហើយទើប សក្តិសិទ្ធ បានត្រៀមទង់ជាតិខ្មែរសម្រាប់ពាក់លើខ្លួនដើម្បីត្រៀមធ្វើការប្រកួតនៅខាង៦ខាងមុខនេះ៕