ស៊ន អេលីត÷ ក្លិបនឹងពង្រឹងវិន័យ ដើម្បីគោលដៅនាំកីឡាករប្រកួតក្រៅប្រទេស
លោក ស៊ន អេលីត បានបង្ហើបថាក្លិប ប្រដាល់នាយកដ្ឋានអង្គរក្ស របស់លោកនឹងពង្រឹងវិន័យ ក្នុងក្លិបអោយកាន់តែខ្លាំង ដើម្បីសម្រេចគោលដៅនាំកូនសិស្សចេញប្រកួតក្រៅប្រទេស ។
ម្ចាស់ក្លិបរូបនេះបញ្ជាក់ថា ÷ ក្រោយសម្រាកការហ្វឹកដោយសារបញ្ហាកូវីដ១៩កន្លងមក ក្លិបរបស់លោកគ្រោងនឹងប្រមូលផ្តុំហ្វឹកហាត់វិញក្នុងខែ ឧសភានេះ ។ ការហ្វឹកហាត់បានវិញ អាស្រ័យលើស្ថានភាពកូវីដ១៩ ធូរស្រាល ហើយរដ្ឋាភិបាលបើកការធ្វើដំណើរធម្មតាវិញ ។
លោកបន្ថែមថា នៅពេលអាចហ្វឹកហាត់បានដូចដើម លោកនឹងពង្រឹងវិន័យកាន់តែខ្លាំង ហើយប្រាក់រង្វាន់ដែលតែងតែផ្តល់អោយកីឡាករដែលប្រកួតឈ្នះក៏អាចមានការកែប្រែខ្លះដែរ ។
ការធ្វើដូចនេះ ព្រោះលោកចង់អោយកីឡាករកាន់តែប្រឹងហាត់ ដើម្បីមានសមត្ថភាពចេញប្រកួតក្រៅប្រទេសបាននៅពេលអស់កូវីដ ព្រោះលោកមានទំនាក់ទំនងខ្លះៗជាមួយអ្នក បារាំង , អាមេរិក និងថៃ ជាដើម ក្នុងការយកកីឡាករទៅប្រកួត ។
សូមបញ្ជាក់ថា ក្លិប នាយកដ្ឋានអង្គរក្ស មានកីឡាករល្អៗ ជាច្រើន ដូចជា សែន រ៉ាដេត , អេលីត ចំរើន , អេលីត សាន់ , អេលីត ភក្តី , មឿន សុខហ៊ុច , សុខ សាវិន , លី ភា , ថុល មករា , អេលីត សម្ភស្ស និង អេលីត ឡុងឡី ជាដើម ៕