បន្តជ្រុះពិន្ទុមែន តែ Zidane មិនទាន់អស់ឱកាសប្រជែងជើងឯកទេ
អ្នកចាត់ការ Real Madrid លោក Zinedine Zidane មិនបោះបង់មហិច្ឆតាក្រសោបតំណែងជើងឯក La Liga ឡើយ ទោះបីក្រុមរបស់លោកបានត្រឹមស្មើ Real Betis ០ទល់នឹង០ក្នុងការប្រកួតសប្ដាហ៍ទី៣៣ នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា។
ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្វឹកជនជាតិបារាំងខាងលើនិយាយថា “៖ខ្ញុំមិនគិតថា យើងនឹងអស់ឱកាសទេ ទោះយើងរបូតអស់២ពិន្ទុមែន។ យើងនឹងព្យាយាមបន្តទៀត។ យើងបាត់បង់ពិន្ទុដ៏សំខាន់ តែការប្រជែងជើងឯកមិនទាន់ចប់ទេសម្រាប់យើង។”
ការប្រកួត៣៣លើកកន្លងទៅ Real Madrid មាន៧១ពិន្ទុឈរលេខ២បណ្ដោះអាសន្ន តែលេងលើសក្រុមកំពូលតារាង Atletico Madrid មួយប្រកួត និង Barcelona ២ប្រកួត។ ដូច្នេះ ប្រសិនបើក្រុមទាំង២ឈ្នះការប្រកួតនៅសល់ នោះក្រុមលោក Zidane នឹងរអិលទៅលេខ៣។
ក្នុងការប្រកួតយប់មិញនេះដែរ Eden Hazard បានចូលជំនួស Marco Asensio ក្នុងនាទី៧៧ ក្រោយអវត្តមានប្រមាណ៣ខែ។ លោក Zidane ថា គេនៅតែលេងបានល្អ និងអាចរួមចំណែកច្រើនថែមទៀត៕