ផ្ទុះរឿងកីឡាករ Spurs ខ្លះ នាំគ្នាសប្បាយចិត្តពេលដឹងថា ក្លិបដេញ Mourinho
ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Tottenham Hotspur មានទាំងរឿងក្រៀមក្រំ និងរីករាយក្រោយការដកតំណែងអ្នកចាត់ការ Jose Mourinho។
អ្នកសារព័ត៌មានមួយរូបឈ្មោះ Michael Bridges បង្ហើបថា កីឡាករក្រុមមាន់ខ្នាយមាសយ៉ាងច្រើនបាននាំគ្នាអបអរពេលលែងមានវត្តមានលោក Mourinho។ មានតែកីឡាករ៥រូបទេ គឺ Harry Kane, Son Heung-min, Pierreile-Hojbjerg, Eric Dier, Lucas Moura បានបង្ហាញអារម្មណ៍ស្ដាយចំពោះដំណឹងនេះ។
ដំណឹងពីផ្ទៃក្នុង Spurs ឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះមិនសូវត្រជាក់ត្រជុំទេក្នុងក្លិប ជាពិសេសក្រោយធ្លាក់ Europa League។ ជាក់ស្ដែង អំឡុងជំនួបជាមួយអ្នកគាំទ្រលើបណ្ដាញសង្គម Dele Ali ត្រូវបានសួរថាតើចង់ឲ្យក្លិបដកលោក Mourinho ចេញអត់ ស្រាប់តែខ្សែបម្រើអង់គ្លេសរូបនេះបានឆ្លើយអូខេមិនស្ទាក់ស្ទើរឡើយ។
លោក Jose Mourinho បានចូលកាន់តំណែងអ្នកចាត់ការ Tottenham កាលខែវិច្ឆិកា ឆ្នាំ២០១៩ ជំនួសលោក Mauricio Pochettino។ ក្នុងរដូវកាល២០២០/២០២១នេះ Tottenham បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ League Cup ប៉ះ Manchester City ប៉ុន្តែពួកគេបានធ្លាក់ពី FA Cup វគ្គ៨ក្រុម និង Europa League វគ្គ១៦ក្រុម។ លោកត្រូវបានបណ្ដេញចេញកាលថ្ងៃទី១៩ ខែមេសា និងជំនួសជាបណ្ដោះអាសន្នដោយលោក Ryan Mason៕