គ្រូ Chelsea សរសើរកូនក្រុមម្នាក់ ក្រោយស៊ី Porto នៅ UCL
លោក Thomas Tuchel និយាយថា គ្រាប់បាល់ដំបូងរបស់ Mason Mount នៅ UEFA Champions League គឺជាការបោះជំហានដ៏ធំសម្រាប់រូបគេក្នុងនាមជាកីឡាករ។
អ្នកចាត់ការ Chelsea ថ្លែងបែបនេះក្រោយក្រុមរបស់លោកបានយកឈ្នះ FC Porto ២ទល់នឹង០ ក្នុងវគ្គ៨ក្រុម ហើយ Mount ជាអ្នករកបានគ្រាប់ទីមួយ មុន Ben Chilwell បន្ថែមបានគ្រាប់ទី២។
លោក Tuchel និយាយថា ការបញ្ចប់ទី២របស់ Mount ពិតជាអស្ចារ្យ។ គេជាកីឡាករដ៏ឆ្លាតវៃមួយរូប។
ខ្សែបម្រើវ័យ២២ឆ្នាំរកបាន៣គ្រាប់ពីការប្រកួត៤លើកចុងក្រោយទាំងនៅក្លិប និងជម្រើសជាតិអង់គ្លេស។
លោក Tuchel ក៏បានធូរស្បើយចិត្តមួយកម្រិតដែរ បន្ទាប់ពីចាញ់ West Brom យ៉ាងធ្ងន់កកាលថ្ងៃសៅរ៍ ហើយក្រោយមកកូនក្រុម២នាក់ គឺអ្នកចាំទី Kepa Arrizabalaga និងខ្សែការពារ Antonio Rudiger ឈ្លោះគ្នានៅកន្លែងហ្វឹកហាត់ទៀត។
ចាប់តាំងពីលោក Tuchel ចូលដឹកនាំ Chelsea ក្នុងខែមករា ឆ្នាំ២០២១នេះមក Mount រកបានច្រើនគ្រាប់ជាងកីឡាករ Chelsea ៥រូបទៀត។
ក្នុងវ័យ២២ឆ្នាំ និង៨៧ថ្ងៃ គេក្លាយជាកីឡាករក្មេងជាងគេនៅ Chelsea ដែលរកបានគ្រាប់បាល់ក្នុងវគ្គចាញ់ធ្លាក់នៅ UEFA Champions League៕