អ៊ុំ វិចិត្រ សុំទោសកាយវិការប៉ះទង្គិចជាមួយ Anderson របស់ បឹងកេត
អ្នកចាំទីក្លិប ភ្នំពេញក្រោន កីឡាករ អ៊ុំ វិចិត្រ បានចេញមុខសុំទោសចំពោះកាយវិការមិនសមរម្យ ក្នុងការប៉ះទង្គិចជាមួយកីឡាករ Anderson របស់ បឹងកេត ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាកាលពីម្សិលមិញ ។
អតីតអ្នកចាំទី ទ័ព បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា÷ សុំទោសចំពោះកាយវិការមិនសមរម្យរបស់ខ្ញុំកាលពីម្សិលមិញ ព្រោះតែទឹកដីមួយនេះហើយ ធ្លាប់ផ្តល់ភាពឈឺចាប់អោយខ្ញុំខ្លាំងបំផុតក្នុងជីវិតបាល់ទាត់ ស្ទើរតែមិនអាចបំភ្លេចវាបាន ទើបខ្ញុំពិបាកគ្រប់គ្រងអារម្មណ៍ជាងការប្រកួតណាៗទាំងអស់ ។
សូមបញ្ជាក់ថា អ៊ុំ វិចិត្រ បានប៉ះទង្គិចជាមួយខ្សែការពារ Anderson របស់ បឹងកេត នៅម៉ោងបន្ថែមនាទី៩០+ បន្ទាប់ពី ភ្នំពេញក្រោន វាយបកឈ្នះម្ចាស់ បឹងកេត ២ ទល់ ១ នាកីឡដ្ឋាន Cambodia Airways ៕