គ្រូបង្វឹកថ្មីក្រុមគោព្រៃកម្ពុជា៖ ខ្ញុំនឹងលះបង់គ្រប់យ៉ាងដើម្បីជួយឱ្យកម្ពុជាក្លាយជាក្រុមខ្លាំងមួយនៅតំបន់អាស៊ី និងពិភពលោក
កាលពីព្រឹកថ្ងៃសុក្រទី២៦ ខែមិនា សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថ្មីគឺលោក Ryu Hirose ដែលមកកាន់តំណែងជំនួសលោក Felix Gonzalez Dalmas ដែលមិនបានបន្តដំណើរនៅក្នុងក្រុមរបស់អ្នកចាត់ការគោព្រៃ Keisuke Honda រហូតដល់ឆ្នាំ២០២៣។
អតីតកីឡាកររបស់ក្រុម Teikyo High School-Chuo University កាន់អាជ្ញាប័ណ្ណ JFA Official S-Class License របស់ប្រទេសជប៉ុន ក្នុងនាមជាគ្រូបង្វឹក។ អ្វីដែលពិសេសលោកក៏ធ្លាប់ កាន់ការងារជាគ្រូយុវជនក្លិបយក្សនៅប្រទេសចិន នាក្លិប Guangzhou R&F ផងដែរ។
ក្រោយទទួលបានតំណែងនៅកម្ពុជាលោក Ryu Hirose បានបង្ហាញចំណាប់អារម្មណ៍តាម FFC ថា៖ “ចាប់ពីពេលនេះតទៅខ្ញុំនឹងលះបង់ខ្លួនប្រាណ ឆន្ទៈ រួមទាំងបទពិសោធន៍ទាំងអស់នៅក្នុងអាជីពរបស់ខ្ញុំដើម្បីបណ្តុះបណ្តាលកីឡាករកម្ពុជាឱ្យរីកចម្រើនទៅមុខ ដោយក្លាយជាក្រុមខ្លាំងមួយនៅតំបន់អាស៊ី និងពិភពលោក”។
បុរសវ័យ ៦៥ឆ្នាំ សញ្ជាតិជប៉ុនរូបនេះ ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជាច្រើន ដូចជា៖ ធ្លាប់មានតំណែងជានាយកក្រុម Teiyo University ពីកម្រិតទី៣ ដល់ ទី១, ជាអ្នកចាត់ការទូទៅនៃក្រុម Seoul Digital University និងធ្លាប់មកដឹកនាំក្លិប Samut Prakan នៃលីគទីពីរថៃ ដែរបច្ចុប្បន្នក្លិបមួយនេះបានប្រម៉ូតឡើងមកកាន់លីគកំពូលថៃ។
គួរបញ្ជាក់ផងដែរថាលោក Ryu Hirose ត្រូវមានយុទ្ធនាការស៊ីហ្គេមមួយ នាចុងឆ្នាំ២០២១នេះ នាប្រទេសវៀតណាម និងដឹកនាំក្រុមក្នុងការប្រកួតពានរង្វាន់ធំៗបន្តដូចជា ការប្រកួតជម្រុះ World Cup ២០២២, ការជម្រុះពានរង្វាន់ AFC Asian Cup, AFF Suzuki Cup និង ព្រឹត្តិការណ៍ Sea Games ២០២៣៕