Lazio និងប្រធានក្លិបរងការពិន័យដោយសារបំពានវិធានការកូវីដ១៩
ក្លិបបាល់ទាត់ Lazio ត្រូវបានពិន័យ១៥ម៉ឺនអឺរ៉ូ ហើយប្រធានក្លិប លោក Claudio Lotito ក៏រងបម្រាម៧ខែ ដោយសារបានបំពានវិធានការការពារជំងឺកូវីដ១៩។
ក្លិបនៅក្របខណ្ឌ Serie A របស់អ៊ីតាលីមួយនេះមិនបានផ្ដល់របាយការណ៍ស្ដីពីករណីវិជ្ជមានជំងឺដ៏កាចសាហាវខាងលើដល់មន្ទីរសុខាភិបាលក្នុងតំបន់។ នេះបើតាមការរកឃើញដោយសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី។
ទន្ទឹមនឹងនេះ ក្រុមមានមូលដ្ឋាននៅក្រុងរ៉ូមក៏បានអនុញ្ញាតឲ្យកីឡាករ៣រូបចូលរួមហ្វឹកហាត់ ទោះបីបានតេស្ដឃើញវិជ្ជមាន។ មិនតែប៉ុណ្ណោះ សូម្បីតែកីឡាករដែលមានរោគសញ្ញាក៏មិនបានដាក់នៅដោយដាច់ដោយឡែកថែមទៀត។ សមាជិកក្រុមការងារពេទ្យ២រូបប្រចាំក្លិបត្រូវបានដាក់បម្រាម១២ខែ។
Lazio អះអាងថា នឹងប្ដឹងឧទ្ធរណ៍ប្រឆាំងចំណាត់ការនេះ។
កន្លែងហ្វឹកហាត់របស់ក្លិបត្រូវបានត្រួតពិនិត្យហើយលទ្ធផលតេស្តត្រូវបានគេយកទៅកាលពីខែវិច្ឆិកាឆ្នាំមុន អំឡុងការស៊ើបអង្កេតទៅវិធានការដែលអាចត្រូវបានរំលោភបំពាន។
សហព័ន្ធបាល់ទាត់អ៊ីតាលីបានចោទប្រកាន់ក្នុងខែកុម្ភៈ និងបានបញ្ជូនរឿងនេះទៅតុលាការសហព័ន្ធជាតិដែលបានផ្តន្ទាទោសកាលពីថ្ងៃសុក្រ ទី២៦ ខែមីនា។
Lazio ដែលត្រូវបានចោទប្រកាន់ពីបទ“ខ្វះការប្រតិបត្តិវិធានការសុខភាព” បានបដិសេធរាល់ការធ្វើខុស ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ពួកគេយើងជឿជាក់លើយុត្តិធម៌កីឡា៕”