Borussia Dortmund កំណត់តម្លៃ១៨០លានអឺរ៉ូសម្រាប់ក្រុមណាដែលចង់បានខ្សែប្រយុទ្ធ Erling Haaland
កាលពីម្សិលមិញ Borussia Dortmund ត្រូវបានគេរាយការណ៍មកថា បានកំណត់តម្លៃ១៨០លានអឺរ៉ូសម្រាប់ក្លឹបណាដែលកំពុងតែបង្ហាញការចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Erling Haaland នៅដំណាច់រដូវកាលនេះ។
របាយការណ៍ដែលបានចុះផ្សាយខាងលើនេះគឺស្របពេលដែលភ្នាក់ងាររបស់កីឡាករន័រវេសបានប្រកាសថាក្លឹបធំៗមួយចំនួននៅអឺរ៉ុបបានធ្វើការទំនាក់ទំនងមកជាបណ្តើរហើយ ដោយរូបគេកំពុងតែធ្វើការពិភាក្សាជាមួយ Dortmund អំពីអនាគតរបស់ខ្លួន។
ដោយឡែកកាលពីពេលថ្មីៗនេះ ប្រធានក្លឹបដែលនៅក្របខ័ណ្ឌ Bundesliga ក៏ធ្លាប់បាននិយាយផងដែរថា ខ្លួននឹងពិចារណារាល់សំណើរដែលបានដាក់មកកាន់ Erling Haaland នៅរដូវក្តៅខាងមុខនេះ ព្រោះក្លឹបកំពុងតែជួបវិបត្តិហរិញ្ញវត្ថុយ៉ាងខ្លាំងនៅក្នុងអំឡុងវិបត្តិវីរុសកូវីដ១៩នេះផងដែរ។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Erling Haaland បានសម្រេចការផ្លាស់ពី Salzburg មកកាន់ទឹកដីអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួន២០លានអឺរ៉ូតែប៉ុណ្ណោះ ដោយគិតមកទល់ពេលនេះរូបគេស៊ុតបញ្ចូលទីបាន៤៩គ្រាប់ហើយក្នុងការបង្ហាញខ្លួន៤៩លើកគ្រប់កម្មវិធីទាំងអស់ឱ្យ Borussia Dortmund។