Dembele លែងអីវិញហើយ ក្រោយសន្លប់ធំពេលហ្វឹកហាត់
សារព័ត៌មាន Talk Sport បានរាយការណ៍ថា Moussa Dembele បានដឹងខ្លួនស្រួលបួលវិញហើយ ក្រោយសន្លប់ធំអំឡុងហ្វឹកហាត់ជាមួយសមាជិកឯទៀតនៅ Atletico Madrid កាលថ្ងៃអង្គារ ទី២៣ ខែមីនា។
កីឡាករជនជាតិបារាំងដែល ATM ខ្ចីពី Lyon បានដួលលើដី និងត្រូវបានចាប់ជាប់ដោយកាមេរ៉ា។
សមាជិកក្រុមបានរត់ទៅជួយខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ ហើយក្រុមពេទ្យក្លិបបានព្យាយាមសង្គ្រោះមួយសន្ទុះធំ ខណៈមិត្តរួមក្រុមផ្សេងក៏បានទូរសព្ទរកជំនួយបន្ថែម។ ក្រោយមក គេក៏បានដឹងខ្លួន និងដើរចេញពីទីលានវិញដោយខ្លួនឯង តែក៏ស្ថិតក្នុងការតាមដានសុខភាពជាប់លាប់ដែរ។
របាយការណ៍ឲ្យដឹងថា ការសន្លប់នេះដោយសារសម្ពាធឈាមធ្លាក់ចុះ តែមិនធ្ងន់ធ្ងរខ្លាំងទេ។
គួរដឹងដែរថា Moussa Dembele ត្រូវបាន Atletico Madrid ខ្ចីពី Lyon ក្នុងខែមករា ឆ្នាំ២០២១ និងមានគម្រោងទិញផ្ដាច់ក្នុងតម្លៃ៣៣លានអឺរ៉ូពេលផុតសុពលភាពខ្ចី៕