អតីតខ្សែប្រយុទ្ធ Spurs ថា តាក់ទិចលេងរបស់ Mourinho ហួសសម័យហើយ
Darren Bent អតីតខ្សែប្រយុទ្ធ Tottenham Hotspur យល់ឃើញថា អ្វីដែលអ្នកចាត់ការបច្ចុប្បន្ន Jose Mourinho កំពុងធ្វើនោះមិនបានដូចការរំពឺងទុកទេ។
Bent ថ្លែងបែបនេះ “៖ តាមពិតលោក Jose Mourinho មិនមែនអន់ទេ គ្រាន់តែថា តាក់ទិចរបស់គាត់ហួសសម័យហើយ។ Spurs យកគាត់មកដើម្បីចង់ឈ្នះពានភ្លាមៗ។ ពេលដកតំណែងលោក Mauricio Pochettino គឺ គេចង់បានពានហ្នឹងឯង អ៊ីចឹងបានជាតែងតាំងលោក Mourinho ហ្នឹងឯង។
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបន្ថែម “៖ Tottenham និង Man UTD គឺជាបេក្ខជនជើងឯក Europa League។ ដូច្នេះវាពិតជារឿងដ៏ខកចិត្តដែលត្រូវធ្លាក់ដោយសារ Zagreb។ ខ្ញុំគិតថា ពាន League Cup មិនគ្រប់គ្រាន់សម្រាប់ Mourinho ទេ។”
Tottenham Hotspur បានធ្លាក់ពី Europa League វគ្គ១៦ក្រុម ដោយចាញ់ Dinamo Zagreb។ ក្រុមមាន់ខ្នាយមាសបាននាំមុខ២ទល់នឹង០មុនក្នុងជើងទីមួយ មុនចាញ់នៅក្រូអាត២ទល់នឹង០វិញ។ ការប្រកួតត្រូវបន្តរហូតម៉ោងបន្ថែម១៥នាទី២ដង ហើយក៏របូតមួយគ្រាប់ទៀត។
នេះជាបរាជ័យដ៏ជូរចត់សម្រាប់លោក Mourinho តែយ៉ាងណាលោកនៅតែអបអរដល់ Zagreb និងថា ពួកគេស័ក្ដិសមទទួលបានកៅអីទៅវគ្គបន្ត។ លោកទទូចថា កូនក្រុមរបស់លោកលេងមិនបានល្អទេ។
ដើមរដូវកាល២០២០/២០២១ Tottenham ធ្លាប់នាំមុខកំពូលតារាង Premier League តែបច្ចុប្បន្នកំពុងឈរលេខ៨ មាន៤៥ពិន្ទុពី២៨ប្រកួត។ ពួកគេសល់តែពានមួយប៉ុណ្ណោះ គឺ League Cup ដែលត្រូវប៉ះ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕