គ្រូបង្វឹក AC Milan៖ការប្រកួតជាមួយ MAn Utd នឹងធ្វើឱ្យយើងដឹងថាកំពុងនៅចំណុចត្រង់ណា
(BC-99)
គ្រូបង្វឹក Stefano Pioli បាននិយាយថាលោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដឹកនាំក្រុម AC Milan ប្រកួត Europa League ជាមួយក្រុម Manchester United នារាត្រីនេះ។
វគ្គជម្រុះ ១៦ ក្រុមចុងក្រោយរបស់ក្របខណ្ឌទ្វីបអឺរ៉ុបលំដាប់ទី២ UEFA EUROPA League នឹងចាប់ផ្តើមយុទ្ធការណ៍ជើងទី១ហើយនៅរាត្រីនេះដោយមានគូសំខាន់គឺជាការប៉ះគ្នារវាងបិសាចក្រហមនៅអង់គ្លេស Manchester United បើកទ្វារផ្ទះទទួលក្រុមបិសាចក្រហមនៅអ៊ីតាលី AC Milan។
មុនការប្រកួតចូលមកដល់លោក Pioli គ្រូបង្វឹករបស់ AC បាននិយាយថាការប្រកួតនេះវានឹងក្លាយជាឧបករណ៍វាស់ស្ទង់ដ៏ល្អសម្រាប់ក្រុមរបស់លោក។ លោក Pioli បានប្រាប់ទូរទស្សន៍ Milan ថា៖“ ច្បាស់ណាស់យើងតស៊ូជាមួយគូប្រកួតដ៏ខ្លាំងដែលជាក្លឹបមានកិត្យានុភាពនិងមានប្រវតិ្តប្រពៃណីល្អដូចយើងដែរ។ វានឹងក្លាយជាការប្រកួតដ៏លំបាកមួយប៉ុន្តែក៏ជាកត្តាជំរុញនិងលើកទឹកចិត្តផងដែរឱ្យយើងព្យាយាមបង្ហាញនូវអ្វីដែលយើងគួរតែអាចធ្វើបាន។ យើងបានខិតខំយ៉ាងខ្លាំងដើម្បីមកដល់ទីនេះដើម្បីធ្វើតេស្តិ៍ខ្លួនយើងដោយត្រូវប្រជែងជាមួយក្រុមដ៏ខ្លាំងក្លាបែបនេះ។ ការប្រកួតនេះដែរនឹងបញ្ជាក់ឱ្យដឹងថាក្រុមយើងកំពុងឋិតនៅកម្រិតណា”។
ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរនៅក្របខណ្ឌ Champions League ចំនួន៤ដងនាពេលកន្លងមកគឺ បិសាចក្រហមរបស់អង់គ្លេស ឈ្នះ៣ដងនិងចាញ់ម្តង។ សម្រាប់ការប៉ះគ្នានៅរាត្រីនេះវិញ Man Utd នឹងអវត្តមានកីឡាករសំខាន់ៗរបស់ខ្លួនដូចជា Pogba និង Juan Mata ខណៈដែល AC Milan ក៏អវត្តមាន Zlatan និង Mandzukic ដែរ។